ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អះអាងថា លោកនឹងខិតខំធ្វើឲ្យទំនាក់ទំនង ​កម្ពុជា-អាមេរិក ​កាន់តែល្អប្រសើរ ទោះបីចប់អាណត្តិក៏ដោយ


លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលជិតផុតអាណត្តិការងារ រយៈពេល៣ឆ្នាំនោះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអះអាងថា​ បើទោះបីជាលោកមិនដឹងថា លោកនឹងត្រូវចាកចេញពីប្រទេសកម្ពុជា នៅពេលណាក៏ដោយ ក្នុងរយៈពេលដែលស្ថិត នៅក្នុងប្រទេសកម្ពុជា លោកនឹងខិតខំធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ។

ការអះអាងយ៉ាងដូច្នេះ របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលជិតផុតអាណត្តិការងារនៅកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំទូតអាមេរិក ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ក្រោម​ប្រធាន​បទ «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លើយតបនឹងសំនួររបស់ក្រុមអ្នកយកព័ត៌មាន ដែលសួរថា ក្រោយពីលោកចាកចេញទៅ តើនឹងមានការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មរបៀបនេះ តទៅទៀតទេ? លោក William A. Heidt បានឆ្លើយតបទៅវិញយ៉ាងខ្លីថា «ខ្ញុំមិនដឹងថា ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជា នៅពេលណានោះទេ ! ក្នុងរយៈពេលដែលស្ថិត នៅក្នុងប្រទេសកម្ពុជា រហូតដល់ខ្ញុំចាកចេញ ខ្ញុំនឹងខិតខំធ្វើឲ្យទំនាក់ទំនង កម្ពុជា-អាមេរិក ល្អ»

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា រូបនេះ បានបន្ថែមទៀតថា «ឥលូវនេះ យើងដឹងហើយថា មានអ្នកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ប៉ុន្ដែនៅក្នុងប្រព័ន្ធរបស់អាមេរិក គឺថាអ្នកនោះត្រូវបាន តែងតាំងដោយប្រធានាធិបតី ប៉ុន្ដែក៏ត្រូវការយល់ព្រមផងដែរ ពីព្រឹទ្ធសភា ដូច្នេះមិនទាន់ធានាថា អ្នកថ្មីនោះ អ្នកណាឡើយនោះទេ ព្រោះព្រឹទ្ធសភា មិនទាន់បានអនុម័ត»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក Trump បានប្រកាសពីបំណងក្នុងការតែងតាំងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា។ ការតែងតាំងលោក Murphy នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សា និងការយល់ព្រម» លើការតែងតាំង ទាំងឡាយ ដោយប្រធានាធិបតី ដែលក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។

បច្ចុប្បន្នលោក Murphy គឺជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយសម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

លោក Murphy បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​ការ​សាកល​វិ​ទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិត​ពី​សាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបាន​បម្រើ​ការងារ​ក្នុង​វិស័យ​ការទូត​លើស ២៥ឆ្នាំ ហើយ​លោក​បាន​កាន់តំណែង​ជាន់ខ្ពស់​ជាច្រើន​ផងដែរ​៕