ADB៖ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩


ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា​៖ «​កម្ពុជា​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​រឹងមាំ ដែល​គាំទ្រ​ដោយ ការនាំចេញ និង​តម្រូវការ​ក្នុងស្រុក​»​។ សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា​នេះ បាន​បញ្ជាក់បន្ថែម​ថា កម្ពុជា​ក៏​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន​៧​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​ផងដែរ​។

​ផលិតផល​សរុប​នៅក្នុង​ស្រុក​របស់​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​រឹងមាំ នៅក្នុង​ឆ្នាំ​២០១៨ ដែល​នាំឲ្យ​មាន​ការរំពឹង​ទុក​ថា ការនាំចេញ និង​ការប្រើប្រាស់​នឹង​មាន​លទ្ធ​ផល​ល្អ​ប្រសើរ ព្រមទាំង​ធ្វើឲ្យ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​។ នេះ​គឺជា​អ្វី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​សរសេរ​នៅក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន​។​

នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani – Jamal បាន​លើក​ឡើង​តាមរយៈ សេចក្ដីប្រកាស​ដដែល​ថា​៖ « សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ ដោយសារ​តែ​កំណើន​ការនាំ​ចេញ​ដ៏​រឹងមាំ ការកើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេ​ចរណ៍ តម្រូវការ​ក្នុងស្រុក​មាន​សន្ទុះ​ខ្លាំងក្លា និង​ការពង្រីក​គោលនយោបាយ​សារពើរ​ពន្ធ​។ ប៉ុន្តែ​កំណើរប្រាក់​ឈ្នួកដ៏​ឆាប់រហ័ស ដោយ​ពុំ​មាន​កំណើន​ផលិតភាព អាច​បង្ករ​ឲ្យមាន​ហានិភ័យ​ក្នុងស្រុក​ចម្បង​មួយ ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង ជាមួយនឹង​ប្រទេស​ដទៃ​ទៀត ដែល​បន្ត​ពឹង​អាស្រ័យ​លើ​កម្លាំង​ពលកម្ម​ដែល​មាន​ថ្លៃឈ្នួល​ទាប​»​។​

​សេចក្ដីប្រកាស​នេះ​បន្ថែមថា ការកើនឡើង​នៃ​ចំណាយ​របស់​រដ្ឋាភិបាល ដោយសារ​តែ​ការបង្កើន​ការ​វិនិយោគសាធារណៈ និង​បៀវត្ស​សម្រាប់​វិស័យ​សាធារណៈ ក៏​ជា​កត្តា​មួយ​ជួយ​ជុ​ញ​ច្រាន សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ផង​ដែរ​

ជាមួយគ្នានេះ ADB បាន​បន្តថា​ការនាំចេញ​របស់​កម្ពុជា នៅក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ បាន​កើនឡើង​ចំនួន​១៣,៣​ភាគរយ ខណៈ​ការ​នាំចូល​បាន​កើនឡើង​ដល់ ២៥,៧​ភាគរយ​។