(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការនិងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៤ នៅវត្ដលង្កាព្រះកុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ហ៊ុន សែន បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពី ការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួប ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានជូនថវិកា និងក្រណាត់សរ ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ និងក្មេងៗ ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា មកប្រារព្ធពិធីប្រពៃណីជាតិនេះ ជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ។
បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២… និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ ៕