ឯកឧត្តម ជា ចាន់តូ ទទួលជួបជាមួយអនុប្រធានធនាគារសាធារណៈម៉ាឡេស៊ី ដើម្បីពិភាក្សាការងារលើទិសដៅរបស់ធនាគារនាពេលខាងមុខ


ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យគណៈប្រតិភូ ​ធនាគារកម្ពុជាសាធារណៈដឹកនាំដោយលោក Dato’ Mohammed Najeeb bin Abdullah អនុប្រធានធនាគារសាធារណៈម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ការអនុញ្ញាតឲ្យអនុប្រធានធនាគារសាធារណៈម៉ាឡេស៊ី ចូលជួបសំដែងការគួរសមនេះធ្វើឡើង ក្នុងគោលបំណងរាយការណ៍ជូនអំពីវឌ្ឍនភាព និងទិសដៅសកម្មភាពរបស់ធនាគារកម្ពុជាសាធារណៈនាពេលខាងមុខ។

ឯកឧត្តម ជា ចាន់តូ បានសម្ដែងការស្វាគមនូវទស្សនកិច្ច របស់ធនាគារសាធារណៈម៉ាឡេស៊ី និងបានអបអរសាទរដែលធនាគារកម្ពុជាសាធារណៈ ទទួលបានជោគជ័យក្នុងការវិនិយោគនាពេលកន្លងមក។ លោកក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិស្ថានវិនិយោគអំណោយផល ដល់វិនិយោគិននៅកម្ពុជា។

សូមជម្រាបថា អស់រយៈពេល២៦ឆ្នាំហើយ ដែលធនាគារកម្ពុជាសាធារណៈមានវត្តមាននៅកម្ពុជា និងបានពង្រីកសាខារហូតដល់៣១សាខា នៅទូទាំងប្រទេសកម្ពុជា។ ជាទិសដៅខាងមុខធនាគារកម្ពុជាសាធារណៈ គ្រោងនឹងពង្រីកបណ្តាញសាខាបន្ថែមទៀតនៅកម្ពុជា ដោយផ្អែកលើកត្តាបរិយាកាសអំណោយផល នៃសន្តិភាពការរីកចម្រើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុល្អប្រសើរ ជាពិសេសបរិយាកាសអំណោយផល សម្រាប់ការវិនិយោគក្នុងវិស័យធនាគារ៕