លោកជំទាវ ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្ដសារាវ័ន្តតេជោ រួមចំណែកក្នុងការថែរក្សាប្រពៃណី​ព្រះពុទ្ធសាសនា


(ភ្នំពេញ)៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួម​ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទនៅវត្ត​សារាវ័ន្តតេជោ ស្ថិតក្នុង​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។

ការចូលរួមប្រតិបត្តិតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង​តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង​សក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន​ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន​ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យ​មក​ទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

មួយ​ចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហា​ជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋាន​សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៤នេះ លោកជំទាវ និងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខមកប្រគេន​ព្រះសង្ឃ រួមមាន សាដក ទឹកក្រូច ទឹកបរិសុទ្ធ ទឹក ដោះគខាប់ ស្ករសរ កាកាវ មៀនកំប៉ុង តែ ត្រីខ មី អង្ករ និងបច្ច័យសម្រាប់កសាងវត្ត ព្រម​ទាំង​ចែកជូនតាជីយាជីនូវបច្ច័យជាថវិកាដល់សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទ ​ដែល​អញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ ក្នុងឱកាសនោះលោកជំទាវក៏នាំយកនូវបច្ច័យសម្រាប់ព្រះសង្ឃ ៣០០អង្គ ក្នុង១អង្គ៥ម៉ឺនរៀល និងសាដក១, តាជីយាជី ១០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងនិស្សិតស្នាក់នៅរៀនសូត្រ ២២០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ក្នុងនេះក៏មានបច្ច័យជួយឧបត្ថម្ភពីក្រុមហ៊ុន mun ចាប់កុសលជាមួយលោកស្រី។

ដោយឡែក សម្រាប់បច្ច័យកសាងវត្ដសារាវ័ន្តតេជោ ថវិកា១២លានរៀល និង២ពាន់ដុល្លារ៕