រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា វេទិកាបូអាវសម្រាប់អាស៊ី នឹងផ្តល់កាលានុវត្តភាពធំធេងសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនកាន់តែច្រើនពីប្រទេសចិន និងជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿដូច្នោះ នាឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវេទិកាបូអាវសម្រាប់សន្និសីទអាស៊ី-ភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាដើម្បីការអភិវឌ្ឍ និងឈ្នះ-ឈ្នះ ៖ ប្រឹងប្រែងទាំងអស់គ្នាដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ក្នុងសម័យកាលថ្មី» ដែលរៀបចំឡើងសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីគោលបំណងរួមនៃវេទិកាបូអាវសម្រាប់អាស៊ី និងគំនិតផ្តួចផ្តើមថ្មីរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានស្នើឱ្យពង្រីកការបើកចំហកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ រវាងប្រទេសនៅក្នុងតំបន់អាស៊ី ដែលនឹងក្លាយជាឱកាសថ្មីសម្រាប់ប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកដទៃទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងចំណោមប្រទេសទាំង២៩ ដែលបានព្រមព្រៀងបង្កើតវេទិកាបូអាវសម្រាប់អាស៊ី កម្ពុជាគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង «ផ្លូវ១ ខ្សែក្រវ៉ាត់១» និងមានកំណើនសេដ្ឋកិច្ចរឹងមាំ នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅអាស៊ី។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់តំណាងវិស័យឯកជនកម្ពុជា និងសហគ្រាស-ក្រុមហ៊ុនប្រទេសចិន ក៏ដូចជាបណ្តាប្រទេសសមាជិកនៃវេទិកាបូអាវ ប្រើប្រាស់ឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីបន្តវប្បធម៌សន្ទនា និងចែករំលែក ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៅក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។

សូមជម្រាបថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ មិនស្វែងរកប្រាក់ចំណេញ ដែលមានកាលបរិច្ឆេទរៀបចំសន្និសីទច្បាស់លាស់ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយ ឯកឧត្តម Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន, ឯកឧត្តម Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងឯកឧត្តម Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន និងមានការគាំទ្រពី ឯកឧត្តម ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន។ វេទិកានេះ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ ហើយបានផ្តល់ឱកាសដល់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច និងបញ្ញាវន្តក្នុងទ្វីបអាស៊ី និងទ្វីបដទៃទៀត ធ្វើការសន្ទនាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅសម្រេចបាននូវការអភិវឌ្ឍរួម តាមរយៈកា