រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូអង្គការជនពិការកម្ពុជា


នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូអង្គការជនពិការកម្ពុជា ដឹកនាំដោយលោក ងិន សៅរ័ត្ន ជានាយកប្រតិបត្តិ នាទីស្តីការក្រសួងបរិស្ថាន។

លោក ងិន សៅរ័ត្ន បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីស្ថានភាពនៃការអនុវត្តគម្រោងពាក់ព័ន្ធនឹងកិច្ចគាំពារជនពិការ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញឱ្យមានការគិតគូក្នុងការបញ្ចូលការលំបាករបស់ជនពិការក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្ករលក្ខណៈងាយស្រួលដល់ជនពិការក្នុងប្រើប្រាស់ ដូចជា ការៀបចំជំរាលផ្លូវ ផ្លូវធ្វើដំណើរ និងការរៀបចំបង្គន់អនាម័យ ជាដើម។ ជាមួយគ្នានេះ លោកនាយក បានគោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាអនុញ្ញាតឱ្យមានតំណាងក្រសួងចូលរួមជាសមាសភាពគណៈកម្មាធិការវាយតម្លៃការប្រកួតប្រជែងថតរូបបង្គន់ និងសហការរៀបចំដំណើរការប្រកួតប្រជែង ព្រមទាំងការរៀបចំសិក្ខាសាលានានា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងឯកភាពចំពោះការស្នើសុំ ព្រមទាំងចូលរួមជាមួយភាគីពាក់ព័ន្ធបន្ថែមទៀតដើម្បីរួមចំណែកលើកកម្ពស់សុខភាព ជីវភាព និងបញ្ចូលតម្រូវការរបស់ជនពិការទៅក្នុងគម្រោងទីក្រុងឈានមុខ ការរៀបចំក្រុង និងសាលាមេត្រី ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនពិការក្នុងការធ្វើសមាហរណកម្មជាមួយនឹងគម្រោងសកម្មភាពនានារបស់យុវជនផងដែរ។