ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកគ្រឿងឧបភោគបរិភោគចែកជូនកងការពារព្រំដែនគោក ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ និងជួបសំណេះសំណាលជាមួយមន្ត្រី រាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបប្រមាណ៨៣នាក់


ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខវីរៈយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងការពារព្រំដែនគោកលេខ៤០៣ឋិតនៅតំបន់អន្លុងវែង និងកងការពារព្រំដែនគោកលេខ៤០២ ឋិតនៅតំបន់អូរស្មាច់ ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ក្នុងឱកាស អបអរសាទរពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ។

នៅក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខវីរៈកងទ័ពនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមឧត្តមសេនីយ៍ ជុយ សីហា មេបញ្ជាការរងប្រចាំទិសទីបី ព្រមទាំងប្រតិភូជាច្រើនរូបទៀតផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិនានាពី DBSTទៅជាផ្លូវ AC ពីពីរគន្លងទៅបួនគន្លង គម្រោងសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៦៧ គម្រោងផ្លូវល្បឿនលឿន គម្រោងបើកការដ្ឋានសាងសង់ផ្លូវពីសំឡូតទៅខេត្តកោះកុងដើម្បីដឹកជញ្ជូនផលិតផលទៅកាន់ កំពង់ផែទឹកជ្រៅ និងការតភ្ជាប់ផ្លូវដែកឡើងវិញពីភ្នំពេញទៅប៉ោយប៉ែតក្រោយកាត់ផ្តាច់អស់រយៈពេល ៤៥ឆ្នាំ និងការដឹកជញ្ជូនតាមផ្លូវទឹកដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនសំដៅបង្កើនសក្កានុពលសេដ្ឋកិច្ច។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន ពលទាហាន ដែលបាន លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្រប ច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ពិសេសផ្តល់ឱកាសដល់ការស្វែង រកទីផ្សារសម្រាប់ការនាំចេញផលិតផលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យភាពសំបូររុងរឿង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់បងប្អូនជានាយទាហាន ពលទាហាន ព្រមទាំងបានបួងសួងដល់បារមីស័ក្ដិសិទ្ធិដែលគង់ប្រថាប់នៅលើទឹកដីអង្គរនៃយើងតាមជួយបីបាច់ថែរក្សាឲ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋឲ្យដល់ត្រើយសុភមង្គលតទៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃការចុះសាកសួរសុខទុក្ខកងទ័ពតាមព្រំដែនគោកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបប្រមាណ៨៣នាក់ នៅសាលាខេត្តសៀមរាប ដោយបាននាំយកអំណោយជាថវិកាមួយចំនួន ចែកជូនដល់មន្ត្រីគ្រប់រូប ដើម្បីសម្តែងនូវការកោតសរសើរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងជូនពរពួកគាត់ឲ្យទទួលបានសេចក្តី សុខក្នុងពេលឈប់សម្រាកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។