សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិជួបសំណេះសំណាលនិងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៣១នាក់ ខេត្តសៀមរាប ឆ្នាំ២០១៨


សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧.២០១៨ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ៣១នាក់ ស្រី១៨នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្តម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥២លីត្រ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់ជូនកាលពីចុងសប្តាហ៍ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ សាលា ខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧.២០១៨ នៅខេត្តសៀមរាប មានចំនួន មាន១២ មណ្ឌល នៅក្នុងក្រុងសៀមរាប មាន៣១៩បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ៦មណ្ឌលស្មើ១៤២បន្ទប់ ,ផ្នែក វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ស្មើ១៧៧ បន្ទប់ មានបេក្ខជនប្រឡងសរុប ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះមានស្រី ៤ពាន់៣៨៣នាក់ ។

លោកបានបន្តទៀតថា បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៥ពាន់៩៧០នាក់ស្រី ៣ពាន់ ៣៨០នាក់ ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ៣១នាក់ ស្រី ១៨នាក់ និទ្ទេស B ចំនួន ១៤៧នាក់ ស្រី៧៧នាក់ , និទ្ទេស C ចំនួន ៤៧៧នាក់ ស្រី ២៨០នាក់ , និទ្ទេស D ចំនួន ១ពាន់៥៣៣នាក់ ស្រី ៩១៦នាក់ និង និទ្ទេស E ៣ពាន់៧៨២នាក់ ស្រី ២ពាន់៨៩នាក់ ។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្ស ទាំង ៣១នាក់នោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧.២០១៨ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ។

សម្តេចក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សារបស់ក្មួយៗ និង ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែល បានចូលរួមសហការ ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុងត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ។

សម្តេចពិជ័យសេនា ក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់ថា នេះជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ហើយការទទួលបានលទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្របន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថា ក្មួយៗគឺជាគ្រាប់ពូជដ៏មានតម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧.២០១៨នេះក៏មានការតវារបស់សិស្សានុសិស្ស ចំពោះលទ្ធផលលើវិញ្ញាសារមួយចំនួន ដែលមិនបានបូកបញ្ចូល ក៏ដោយ បញ្ហាបច្ចេកទេសកុំព្យូទ័រ បានជាធ្វើការប្រកាសលទ្ធផលពីរដង តែជាលទ្ធផលសុក្រិត្យ យុត្តិធម៌សម្រាប់ក្មួយៗ ផងដែរ ។ នេះជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាព ។ ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលខុស ឆ្គងកន្លងមកចំពោះសិស្ស សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅលើពិភពលោក ។ សម្តេចក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ ត្រូវជៀសវាងឲ្យ ឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួន បានទៅដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរត្រូវពាក់មួកសុវត្ថិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងនោះសម្តេចពិជ័យសេនា ក៏សូមឲ្យក្មួយៗទាំងអស់ ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនាថ្ងៃខាងមុខនេះផងដែរ ៕