សម្តេច តេជោ រំពឹងថាសភាពការណ៍បន្តស្ងប់ស្ងាត់ និងប្រជាពលរដ្ឋបន្តទៅចុះឈ្មោះបោះឆ្នោត


ភ្នំពេញ – ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់អារម្មណ៍ថាសភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងមានភាពស្ងប់ស្ងាត់បែបនេះ។
សម្តេចតេជោបាន មានប្រសាសន៍ដូច្នេះថា ការស្ងប់ស្ងាត់បែបនេះមានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ “នរណាបាញ់នរណាមុន”។
ដោយបានមើលឃើញថា ដំណើរការចុះឈ្មោះបោះឆ្នោតកំពុងដំណើរការទៅដោយល្អប្រសើរ ក្នុងឱកាសនេះដែរ សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បើទោះបីរវល់ក៏ដោយមិនត្រូវបោះបង់សិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។
សូមបញ្ជាក់ថា ២១ថ្ងៃនៃការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋខ្មែរ ជាង២លាន៩សែននាក់ បានទៅចុះឈ្មោះបោះឆ្នោតរួចហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះថា រយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ២.៩៣៧.៧៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថាប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

samdech-hun-sen-22-09-2016-2

samdech-hun-sen-22-09-2016-4

samdech-hun-sen-22-09-2016-1

samdech-hun-sen-22-09-2016-3