ក្រសួងបរិស្ថានគាំទ្រដល់គម្រោងវិនិយោគ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវនិរន្តភាពបរិស្ថាន


ក្នុងពិធីអបអរសាទរពិធីអាហារមិត្តភាពរវាងវិនិយោគិនកម្ពុជា-ជប៉ុន និងសម្ពោធក្រុមហ៊ុន ខញយិកស៌ ឯ.ក ( Coinyex ) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរដល់ការចាប់ដៃគ្នារវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្នុងការបង្កើតក្រុមហ៊ុន Coinyex នេះឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគមកពីប្រទេសជប៉ុន មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងមានការចូលរួមចំនែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ឯកឧត្តមលើកឡើងដែរថា នេះក៏អាស្រ័យដោយសារកម្ពុជាមានកត្តានុគ្រោះជាច្រើន ក្នុងនោះរួមមាន សន្តិភាព សន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ និងបរិយាកាសវិនិយោគត្រូវបានកែលម្អជាប្រចាំ។ ទន្ទឹមគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Coinyex រក្សាឱ្យបានកតិ្តស័ព្ទដ៏ល្អរបស់ក្រុមហ៊ុនជប៉ុននាពេលកន្លងមកជាបន្តទៀត ។ ឯកឧត្តមបន្ថែមទៀតថា ក្រសួងបរិស្ថានរីករាយ និងស្វាគមន៍ជួយសម្របសម្រួលគាំទ្រដល់គម្រោងវិនិយោគទាំងឡាយ ដែលស្របទៅនឹងគុណតម្លៃ និងចក្ខុវិស័យរបស់ក្រសួង ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគ មិនត្រឹមតែបម្រើឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវចូលរួមចំនែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅសហគមន៍មូលដ្ឋាន ព្រមទាំងធានាបាននូវនិរន្តភាពបរិស្ថានផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នា២០១៨ ពិធីអបអរសាទរពិធីអាហារមិត្តភាពរវាងវិនិយោគិនកម្ពុជា-ជប៉ុន និងសម្ពោធក្រុមហ៊ុន ខញយិកស៌ ឯ.ក បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក SHOJI YUSUNOKI តំណាងក្រុមហ៊ុនជប៉ុនចំនួន១៥០ក្រុមហ៊ុនរួមជាមួយភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ៕