ខេត្តព្រះវិហារ ៖ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរឆ្ពោះទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមជ្រូកតាមកិច្ចសន្យារវាងក្រុមហ៊ុន ស៊ីភី កម្ពុជា និងលោក ហុង គឹមជី ដែលស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សូមបញ្ជាក់ផងដែរថា កសិដ្ឋាននេះមានផ្ទៃដីប្រមាណជា ៤,៨ ហត សម្រាប់ចិញ្ចឹមជ្រូកក្នុង ១វគ្គចំនួន ១ ៨០០ក្បាល ហើយក្នុង ១ឆ្នាំអាចមានលទ្ធភាពចិញ្ចឹមបាន ២វគ្គផងដែរដោយត្រូវការបុគ្គលិកបម្រើការតែ ៤នាក់ប៉ុណ្ណោះ។ ដោយមានការចូលចិត្ត ស្រលាញ់វិស័យកសិកម្ម និងវិស័យចិញ្ចឹមសត្វ លោកបានបង្កើតកសិដ្ឋាននេះតាំងពីឆ្នាំ ២០១៥ ដែលមានការជួយជ្រោមជ្រែងពីមន្ត្រីជំនាញពីមន្ទីរកសិកម្មខេត្ត និងការផ្តល់បុរេប្រទាន ក៏ដូចជាការងារបណ្ដុះបណ្ដាល បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន និងការផ្តល់វ៉ាក់សាំងការពារជំងឺពីក្រុមហ៊ុន រួមជាមួយការយកចិត្តទុកដាក់ថែទាំយ៉ាងល្អពីកសិករគំរូម្នាក់នេះ បាននាំឲ្យគាត់ឈានទៅរកបានប្រាក់ចំណេញប្រមាណជាង ៣ម៉ីនដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំ។ ទន្ទឹមនឹងនេះ គាត់ក៏មានបំណងប្រាថ្នាពង្រីកកសិដ្ឋានរបស់គាត់បន្ថែមទៀតផងដែរ។
ចំពោះបរិមាណប្រាក់ចំណូលដែលម្ចាស់កសិដ្ឋានគាត់កំពុងទទួលបាន ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងសារទរចំពោះការខិតខំប្រឹងប្រែង ភាពឆ្លាតវៃ និងភាពឆ្នៃប្រឌិតរបស់ប្រជាកសិករគំរូម្នាក់នេះ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ប្រាក់ចំណូលដែលទទួលបានគឺពិតជាបានឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នាឆ្នាំ ២០៣០។