លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯកឧត្តម ថោង ខុន ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨


ថ្ងៃអាទិត្យ ៦ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល
ខេត្ដកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨ ដែលនឹងប្រារព្ធនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំមានសេចក្តីរីករាយជាអនេក និងសូមសំដែង នូវមនោសញ្ចេតនា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងសមាជិក គណៈកម្មការទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ។ នាងខ្ញុំសូមសំដែងនូវអំណរសាទរ និងមោទនភាពបំផុត ដោយបានទទួល ជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រឆ្នាំនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ជាម្ចាស់ផ្ទះ នាងខ្ញុំត្រៀមលក្ខណ:គ្រប់បែបយ៉ាង ក្នុងការសហការ និងទទួលនូវការណែនាំ របស់ ឯកឧត្តម រដ្ឋមន្ត្រី និងអន្តរក្រសួង ដើម្បីធ្វើ យ៉ាងណា អោយបុណ្យ សមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។