ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ ពុទ្ធិវុឌ្ឍ បានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាព ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចហៅកាត់ថា Mega Farm Cambodia របស់ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ខូលអិលធីឌី លើផ្ទៃដីសរុប ៧ ៥២១ហិកតា


ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ ពុទ្ធិវុឌ្ឍ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាព ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចហៅកាត់ថា Mega Farm Cambodia របស់ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ខូលអិលធីឌី លើផ្ទៃដីសរុប ៧ ៥២១ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំផ្ទៃដីចំនួន ៣ ៩០០ហត សម្រាប់ធ្វើការដាំដុះដំណាំកសិកម្មដូចជាពោត ដំឡូងមី សណ្តែកសៀង និងសណ្តែកខៀវ ដោយមានបុគ្គលិកចំនួន ៥៤នាក់បម្រើការក្នុងកសិដ្ឋាន។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនក៏បាន និងកំពុងសាងសង់ផងដែរ ដូចជាឃ្លាំងស្តុកនិងសម្ងួតផលិតផលកសិកម្ម ដែលសាងសង់អស់ថវិកាជាង ៦លានដុល្លារសហរដ្ឋអាមេរិក ហើយអាចស្តុកផលិតផលបានរហូតដល់ទៅជាង ៥០ ពាន់តោន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគលើគ្រឿងយន្តធុនធំជាច្រើនគ្រឿងដែលមានលទ្ធភាពអាចប្រមូលផលដំណាំបានជាង ២៤០ហត ក្នុង ១ថ្ងៃ ស្នើនិងជាង ១ ០០០តោន។ ដើម្បីធានាបាននូវគុណភាព និងនិរន្តរភាពនៃការដាំដុះ ក្រុមហ៊ុនក៏មានគម្រោងរៀបចំសិក្សាស្រាវជ្រាវផលិតពូជដំណាំដោយខ្លួនឯងផងដែរ។

ជាក់ស្ដែង ក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនបាននិងកំពុងធ្វើការដាំដុះដំណាំពោត និងដំឡូងមីបានជាង ១ ១៥៥ហត ហើយ ២ ៤៥៤ហតទៀតគឺរៀបចំសម្រាប់ដាំដំណាំសណ្តែកសៀង និងសណ្តែកខៀវ។ រីឯការប្រមូលផលពីដំណាំខាងលើវិញ គឺទទួលបានទិន្នផលសរុប ១ ០៤៣តោន ដែលក្នុងនោះបានធ្វើការនាំចេញបានជាង ៧០៥តោន និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកបានប្រមាណជា ៣៣៨តោន។

នាក្នុងឱកាសដ៏អំណោយផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលដែលក្រុមហ៊ុនសម្រេចបាន ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា អ្វីដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តគឺពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងការធ្វើទំនើបកម្មកសិកម្ម យន្តុពាណិជ្ជកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការប្រើប្រាស់គ្រឿងយន្តធុនធំ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើប ក៏ដូចជាការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ផលិតផលវត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើន ដើម្បីជម្រុញនិងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏សង្ឃឹមផងដែរថា វិស័យឯកជនដទៃទៀតដែលមានលទ្ធភាព និងសក្តានុពលនឹងធ្វើការវិនិយោគក្នុងវិស័យកសិកម្ម ជាលក្ខណៈឧស្សាហកម្មនិងបំពាក់ដោយបច្ចេកវិទ្យា និងគ្រឿងយន្តទំនើបៗ។