រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្ញើចសរសើរគម្រោងវិនិយោគ៣២លានដុល្លារ ដាំដំណាំចេកអំបូងលឿង នៅខេត្តកំពត ដែលនឹងនាំចេញចេកជាង៣ម៉ឺនតោន នៅឆ្នាំក្រោយ


(កំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងសហការី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ក្នុងការដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំចេកអំបូងលឿង ដើម្បីធ្វើការនាំចេញជាចំបង ទៅសាធារណរដ្ឋប្រជាមានិតចិន និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នារវាងអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក ដែលមានទំហំទឹកប្រាក់ប្រមាណជា៣២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការដាំដុះដំណាំចេកអំបូងលឿង លើផ្ទៃដីជាង ១០០០ហិកតា ដែលជាដំណាក់កាលទី ១នៃផែនការវិនិយោគ។

មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំកូនចេកបានជាង ៣០០ហិកតា ដោយកូនចេកនីមួយៗត្រូវបានឆ្លងកាត់ការបង្កាត់ពូជចេញពីជាលិកា ការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេស និងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគម្រោងវិនិយោគកសិដ្ឋានចំការចេកបានស្រូបយកកំលាំងពលកម្មប្រមាណជា៥០០នាក់ និងត្រូវស្រូបយករហូតដល់១,០០០នាក់ នៅដំណាច់ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជួយធ្វើការប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកជាង៣០,០០០តោន នៅឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានា ដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ហើយរដ្ឋមន្ត្រីក៏បានសាទរចំពោះភាពឆ្លាតវៃ របស់ក្រុមហ៊ុនដែលបានចាប់យកឱកាស ធ្វើការវិនិយោគកសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកនៃប្រទេសចិន ត្រូវបានបើកជូនកម្ពុជាតាមរយៈការចុះពិធីសារ ស្តីពីលក្ខខ័ណ្ឌភូតគាមអនាម័យ សំរាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។

ឯកឧត្តម វេង សាខុន បញ្ជាក់ថា សមិទ្ធិផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជម្រុញធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនការទុកចិត្តពីអ្នកបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន និងកម្មករ ដែលឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីរីករាយផងដែរ ដោយសង្គេតឃើញថា ក្រុមហ៊ុនបាន និងកំពុងអនុវត្តស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មកសិកម្ម ការបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ដោយផ្តល់ការងារជូននិស្សិត ដែលបានបញ្ចប់ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើន៕