សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍


នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ១ខែតុលាឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាពបន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោហ៊ុនសែនឃើញថាទទួលបានលទ្ធផលគួរជាទីមោទនភាពក្រែងលែងសម្រាប់ប្រជាជាតិទាំងមូលក្នុងការបង្ហាញទៅដល់ពិភពលោកអោយបានដឹង។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសេចក្តីថ្លែងការណ៍សំខាន់មួយតំណាងអោយប្រទេសកម្ពុជាដែលផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

ក្នុងឱកាសនោះផងដែរសម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ ថ្នាក់ដឹកនាំសំខាន់លើពិភពលោកដូចជា លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli)នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀតដែលរាល់ជំនួបទាំងអស់ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកាន់តែរឹងមាំបង្កើននូវការរីកចម្រើនសំរាប់ប្រទេស តាមរយៈការទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជួបបងប្អូនពលរដ្ឋខ្មែររស់នៅអាមរិក និងកាណាដាផងដែរដែលពួកគាត់បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលធ្វើឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕