ព្រះរាជលិខិតព្រះមហាក្សត្រខ្មែរ បង្ហាញព្រះទ័យជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំជានិច្ច


(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី បានបង្ហាញព្រះទ័យជឿជាក់ថា ទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងនៅតែរឹងមាំជានិច្ច។

ការបង្ហាញពីជំនឿទៅលើការរក្សាភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន របស់ព្រះមហាក្សត្រខ្មែរបានស្តែងឡើងតាមរយៈព្រះរាជលិខិតអបអរសាទរខួប៦៩ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

ក្នុងព្រះរាជលិខិតដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រខ្មែរ បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា និងកក់ក្តៅបំផុត ចំពោះបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ កងទ័ពរំដោះប្រជាជន និងប្រជាជនចិនទាំងមូលក្នុងខួប៦៩ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ។

តាមរយៈព្រះរាជលិខិតនេះ ព្រះមហាក្សត្រខ្មែរ ក៏បានអរគុណលោក ស៊ី ជិនពីង ដែលបានទទួលស្វាគមន៍ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ រាល់ឱកាសត្រួតពិនិត្យព្រះរាជសុខភាព និងស្នាក់នៅក្នុងប្រទេសចិនគ្រប់ពេលវេលា។ ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា រាល់សមាជិកគ្រួសាររាជវង្សខ្មែរទាំងអស់ពេញចិត្តបំផុតនឹងទំនាក់ទំនងដ៏អស្ចារ្យនេះ។

ព្រះមហាក្សត្រខ្មែរ ក៏បានគូសរំលេចផងដែរថា ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាញឹកញប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន គឺបានកត់សម្គាល់យ៉ាងច្បាស់ពីការបន្ត និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិកម្ពុជា-ចិន ព្រមទាំងការយកចិត្តទុកដាក់របស់មេដឹកនាំ និងប្រជាជនប្រទេសទាំងពីរ ដើម្បីអ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា ផ្តើមចេញពីទំនាក់ទំនងដ៏ល្អ ដែលបច្ចុប្បន្នត្រូវប្រសិទ្ធនាមជាទំនាក់ទំនង «ដែកថែប» រវាងកម្ពុជា-ចិននេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ក្នុងពិធីលាងសាយភោជនរបស់បក្សកុម្មុយនិស្តចិននៅវិមានប្រជាជនចិនកណ្តាលទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីអបអរសាទរខួប៦៩ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ ព្រះមហាក្សត្រខ្មែរ ដែលកំពុងគង់ប្រថាប់នៅឯទីក្រុងប៉េកាំងនោះ គឺបានក្លាយជាភ្ញៀវបរទេសដ៏ពិសេសតែមួយគត់ ដែលត្រូវបានមេដឹកនាំចិនយាងចូលរួមក្នុងពិធីលាងសាយភោជននោះ ហើយគង់រួមតុជាមួយថ្នាក់ដឹកនាំចិនថែមទៀតផង៕