គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយដល់អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តប៉ៃលិន


ខេត្តប៉ៃលិន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦–ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងពិនិត្យការងារ ឆមាសទី១ ឆ្នាំ២០១៦ ដល់ថ្នាកដឹកនាំ មន្ត្រីរាជាការ កាលពីម្សិលមិញ នៅខេត្តប៉ៃលិន ។
ឯកឧត្តម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៦ ចាប់ពី ខែកុម្ភៈ រហូតដល់ ខែមិថុនា ប្រជាពលរដ្ឋស្ទើរតែទូទាំងខេត្តប៉ៃលិន បានជួប គ្រោះរាំងស្ងួតក្នុងកម្រិតធ្ងន់ធ្ងរគ្មានទឹកធ្វើកសិកម្ម ឬដាំណាំរួមផ្សំ ហើយរហូតដល់ ខែមេសាប្រជាពលរដ្ឋ ចំនួន ៦៧៣៦គ្រួសារ ស្ទើរតែគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃទៀតផង។
ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ទាំងអស់ដែលចូលរួម ទប់ស្កាត់ និងដោះស្រាយជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើង ជាពិសេសបានចូលរួមចំណែកអនុវត្តន៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ បានទាន់ពេលវេលា។
ឯកឧត្តមក៏ណែនាំដល់ថ្នាក់ដឹកនាំ ខេត្តគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ច្បាប់ស្តីពីការ គ្រប់គ្រង គ្រោះមហន្តរាយឱ្យល្អទៅតាមតួនាទី ភារកិច្ចដែលបានដាក់ជូន និងជាពិសេសត្រូវចេះ រាយការណ៍ពីសកម្មភាពដែលកើតឡើង នៅក្នុងខេត្តឱ្យថ្នាក់លើបានដឹង ហើយថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យល្អ ដើម្បីក្តាប់នូវសភាពការណ៍ក្នុងការចាត់វិធានការ ដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕

663

664

665

666