រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចុះថ្លៃ លើបញ្ហាប្រើប្រាស់អគ្គិសនី


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបន្តចុះថ្លៃអគ្គិសនី ទៅតាមលំដាប់នីមួយៗជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ទទួលបានអគ្គិសនីនៅក្នុងតម្លៃកាន់ តែសមរម្យ។
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងលើកឡើង នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកនិវត្តជនអគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ថា មកដល់បច្ចុប្បន្នបណ្តាញអគ្គិសនីតភ្ជាប់ទៅដល់ភូមិបានជាង៧៣%ហើយពីបណ្តាញជាតិ ក្នុងនោះ សម្រាប់ផែនការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានមហិច្ឆតាយ៉ាងធំ ក្នុងការពង្រីកវិសាលភាពអគ្គិសនីដោយ នៅក្នុងឆ្នាំ២០២០ខាងមុននេះ គឺជំរុញឲ្យអគ្គិសនីបានគ្របដណ្ដប់នៅទូទាំងប្រទេសជាង៩០% ឬជិត១០០% ។
ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្តថា ទាក់ទិននឹងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ពិតជាបានបង្ហាញពីមោទនភាពជាតិយើងដែលបានកើតចេញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងនោះ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ភ្លើង នឹងទទួលបានផ្លែផ្កាជាបន្ទាប់ទៀត នៅពេលដែលរាជរដ្ឋាភិបាលបាន ប្រកាសចុះថ្លៃនៅលើបញ្ហាអគ្គិសនីនេះ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្នការផ្គត់ផ្គង់អគ្គិសនីរបស់បណ្តាញជាតិទាំងមូល មានជាង២ពាន់មេហ្គាវ៉ាត់ដែល បានស្របយកវារីអគ្គិសនី៣៧% និងអគ្គិសនីដើរដោយធ្យូងថ្មមានចំនួនជាង៣០% រួមជាមួយម៉ាស៊ីនប្រេងនិងការនាំ ចូលអគ្គិសនីពីប្រទេសជិតខាងផងដែរ ក្នុងនោះ បើតាមការអះអាងពី ឯកឧត្តម កែវ រតនៈ នៅក្នុងឆ្នាំ២០១៨ទៅមុខ ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺលែងមានការកង្វះអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតហើយ នឹងលែងមានប្រភពអគ្គិសនី ខ្វះខាតជាបន្តទៀត៕