ពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ


ថ្ងៃចន្ទ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជននៃក្រសួង សាធារណការ និងដឹកជញ្ជូនប្រមាណ២៧០នាក់ ។

ថ្លែងទៅកាន់អង្គពិធីទាំងមូលឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយជាអនេកចំពោះវត្តមានមន្ត្រីនិវត្តជនទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងមានថ្ងៃនេះគឺក៏ដោយសារអ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសមិទ្ធផលដែល សម្រេចបាន និងគម្រោងអភិវឌ្ឍបន្ត ជាពិសេសគម្រោងផែនការ១០០ថ្ងៃរបស់ក្រសួង នៅក្នុងអាណត្តិទីប្រាំមួយ របស់រាជរដ្ឋាភិបាល ដែលទើបត្រូវបានប្រសូត្រឡើងនាពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យមន្រ្តីនិវត្តជនទាំងអស់ចូលរួមផ្ដល់មិតយោបល់លើការ អភិវឌ្ឍទាំងឡាយរបស់ក្រសួង និងបាននាំយកអំណោយវត្ថុអនុស្សាវរីយ៍ និងថវិកាចំនួន១៥ម៉ឺនរៀលចែកជូន មន្ត្រីនិវត្តទាំងអស់ផងដែរ៕