ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូ រកដំណោះស្រាយរួមមួយ ដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាពបរិស្ថាន


រាជធានីភ្នំពេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំចំណុះក្រសួងបរិស្ថានពាក់ព័ន្ធ រួមទាំងសមាគមន៍ និងបណ្តាក្រុមហ៊ុន វិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ ៤០ ក្រុមហ៊ុននៅរាជធានីភ្នំពេញ។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួម ក្នុងការរៀបចំលំ នៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈកិច្ចប្រជុំនេះ ពិគ្រោះយោបល់នេះ ក៏ដូចជាការរៀបចំគោលនយោបាយទាក់ទងការសាងសង់លំនៅដ្ឋានឱ្យត្រូវទៅតាមស្ថានភាពជាក់ស្តែង ដោយគិតគូរបញ្ហាបរិស្ថានជាចំបង ក្នុងនោះស្នើដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ក្នុងកិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការគោលការណ៍ទាំងនេះក៏នឹងត្រូវអនុវត្តនៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ។
​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ គិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួននូវ​ការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ។​ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាដើម្បីលើកទឹកចិត្តដល់បុរីដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់
បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅ ដ្ឋាននៅរាជធានីភ្នំពេញបានគាំទ្ររាល់ការលើកឡើងទាំងឡាយរបស់ក្រសួងបរិស្ថាន។