សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
«ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះជាសម័យបាតុកម្ម ហើយដំណើរសម្តេចទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏នឹងមានការធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្តេចទៀតហើយ។ ប៉ុន្តែចំនួនអ្នកមកទទួល និងអ្នកធ្វើបាតុកម្ម គឺមានចំនួនខុសគ្នាច្រើនណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូដែលនាំគ្នាធ្វើបាតុកម្មនៅថ្ងៃនេះ បើធៀបជាមួយគ្រូចូលរួមសាទរទិវាគ្រូបង្រៀនខុសគ្នាឆ្ងាយណាស់។
* សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យអាណាព្យាបាល និងសិស្សទាំងអស់ ត្រូវមើលឃើញពីគុណសម្បត្តិរបស់គ្រូ មិនមែនកូនរៀនពូកែមកពូ ហើយរៀនមិនពូកែមកពីគ្រូនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មួយសម្តេចម្នាក់កំពុងជាប់ពន្ធនាគារ ដោយសម្តេចថា នោះជាច្បាប់មិនអាចលើកលែងបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូបង្រៀនអាចបង្រៀនសិស្សឲ្យធ្វើសេដ្ឋី ប៉ុន្តែគ្មានគ្រូណាម្នាក់បង្រៀនរហូតធ្វើជាសេដ្ឋីនោះទេ អ្នកខ្លះខ្វះលុយបោះពុម្ពសៀវភៅថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគោរពនូវវីរភាពរបស់គ្រូៗតាំងពីក្មេងមក។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងពេលប្រទេសជួបសង្គ្រាម និងក្រលំបាក គ្រូមិនត្រឹមតែទទួលខុសត្រូវលើការផ្តល់ចំណេះដឹងនោះទេ គឺពួកគាត់បានទទួលខុសត្រូវទាំងសុខសុវត្ថិភាពរបស់សិស្សថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ធនធានមនុស្សនៅតែជាកត្តាសម្រាប់សម្រេចជោគវាសនារបស់កម្ពុជា។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលនឹងវិនិយោគកាន់តែច្រើនទៀតទៅក្នុងវិស័យអប់រំ ជាពិសេសការកសាងគុណភាពអប់រំតាមរយៈពង្រឹងសមត្ថភាពគ្រូបង្រៀន និងកសាងហេដ្ឋរចនាសម្ព័ន្ធអប់រំនានា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងចំណោមសិស្ស១ម៉ឺននាក់ ប្រហែលជាមានតែម្នាក់ប៉ុណ្ណោះ ដែលមើលងាយគ្រូ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យក្រសួងអប់រំប្រយ័ត្នប្រយែងចំពោះបញ្ហាបច្ចេកទេស។ តែទោះយ៉ាងណាក៏សរសើរក្រសួងដែលបានរកឃើញកំហុស និងដោះស្រាយបានទាន់ពេលវេលា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤០៨នាក់ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិសង្គ្រាមនៅលើលោកនេះមិនដែលមានមេដឹកនាំឧទ្ទាមណាមកចុះចូលតាំងពីលើដល់ក្រោមនោះទេ គឺមានតែខ្មែរក្រហមប៉ុណ្ណោះ ដែលបានចូលមកចុះចូលដល់ក្នុងផ្ទះរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចទាមទារឲ្យបោះឆ្នោតតាមប្រព័ន្ធឯកត្តនាមក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រោះសម្តេចចង់កាត់ខ្មែរក្រហមជាកង់ៗ ជាពិសេសកុំឲ្យពួកគេមានអាសនៈនៅក្នុងរដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានធ្វើការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្នរយៈពេល៣០ឆ្នាំមកហើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សេចក្តីថ្លែងការណ៍អាស៊ី-អឺរ៉ុប នឹងមិនអាចចេញរួចឡើយ បើហ៊ាននិយាយពីកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងមួយចំនួនកំពុងរកស៊ីទិញលក់ដី តែកុំប្រហើនប្រយ័ត្នកាត់ប្លង់មិនបាន។
* ឆ្លើយតបនឹងក្រុមអតីតបក្សប្រឆាំងលើកឡើងថា សម្តេចញ័រមាត់ពេលឡើងថ្លែងសេចក្តីថ្លែងការណ៍នៅអង្គការសហប្រជាជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានតបវិញថា មេដឹកនាំកើតចេញពីការតស៊ូលើសមរភូមិរូបនេះមិនដែលស្គាល់ថាភ័យ ឬក្លាចនោះឡើយ សូម្បីតែសម័យតស៊ូដឹងថា កាណុងកាំភ្លើងជាច្រើននៅខាងមុខក៏នៅតែទៅ។
* សម្តេចតេជោ បានថ្លែងថា សម្តេចមិនដែលមានទម្លាប់មើលស្រាលគូប្រកួតនោះឡើយ ទាំងនៅលើសមរភូមិសង្គ្រាម និងនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋអាចធ្វើដំណើរជាមួយរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ១២០គ្រឿង និងរថភ្លើងពីរខ្សែអាចធ្វើដំណើរទាំងទៅទាំងមកក្នុងពេលបុណ្យភ្ជុំបិណ្ឌដោយមិនអស់ប្រាក់។
* តែទោះជាយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រី នៅតែទទូចដល់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់កុំដំឡើងថ្លៃសំបុត្រក្នុងពេលបុណ្យភ្ជុំបិណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការបង្កើតខេត្តថ្មីទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសរំសាយការសិក្សាបង្កើតខេត្តថ្មី ដែលគ្រោងបែងចែកពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។ ជាពិសេសមានអ្នកខ្លះបានប្រឹងរត់សុំឋានៈជាអភិបាលខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពសម្រាប់កម្ពុជានាពេលបច្ចុប្បន្នជាសន្តិភាពមានរយៈពេលវែង។ តែទោះជាយ៉ាងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរក្សាសន្តិសុខជាតិ ពីព្រោះការប៉ុនប៉ងរបស់ជនទុច្ចរិតមិនបានបញ្ចប់នោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សុខសន្តិភាពនៅកម្ពុជា បានផ្តល់ផ្លែផ្កាច្រើនណាស់សម្រាប់សង្គមជាតិ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរម្នាក់ៗនឹងទទួលបានចំណូលក្នុងមួយឆ្នាំលើសពី ២ពាន់ដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រី ក៏រំពឹងថា ម្ចាស់ប្រទេសផ្តល់កម្ចីទាំងអស់នឹងមិនដំឡើងអត្រាការប្រាក់នោះឡើយ បើទោះបីសេចក្តីកម្ពុជាកើនខ្ពស់។
* ឆ្លើយតបការរិះគន់រឿងជួលយន្តហោះទៅប្រជុំនៅអង្គការសហប្រជាជាតិ សម្តេចតេជោ បានថ្លែងថា ការជួលយន្តហោះ និងប្រៀបធៀបជាមួយការទិញសំបុត្រហោះ និងដោះដូរជាច្រើនដំណាក់កាល គឺអស់ថ្លៃជាងជួលយន្តហោះទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានហៅការរិះគន់នេះថា ជាទង្វើដ៏អាក្រក់ជូរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណែទម្រង់អប់រំនៅតែជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹងគុណគ្រូ ត្រូវធ្វើឲ្យទៅជាផ្នត់គំនិតមួយរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានថ្លែងថា ការមើលងាយគ្រូ គឺជាអំពើអកត្តញ្ញូ។
* សម្តេចនាយរដ្ឋមន្ត្រី បានថ្លែងរំលឹកថា ខ្មែរបែកបាក់គ្នាដោយសារតែវប្បធម៌លាបពណ៌គ្នា។
* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដល់បក្សនយោបាយនានាអប់រំសមាជិករបស់ខ្លួនឲ្យបញ្ចប់នូវវប្បធម៌ជេរបញ្ចោ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំសង្ឃឹមថា សម្តេចចុះហត្ថលេខាសុំលើកលែងទោសឲ្យទណ្ឌិត សម រង្ស៉ី ម្តងទៀត ដូចសម្តេចធ្លាប់បានសន្យាថា បើសម្តេចចុះហត្ថលេខាសុំលើកលែងទោសសម្តេចកាត់ដៃស្តាំចោល។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង១០៖២៩នាទី៕