សម្តេចពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជនទូទាំងប្រទេស កំពុងសប្បាយរីករាយចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលជាទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃ១១រោច ខែភទ្របទ ឆ្នាំចរ សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន អមដំណើរដោយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី, លោក កែវ ពិសិដ្ឋ សមាជិករដ្ឋសភា និងលោកស្រី ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសារ រួមនឹងលោក លោកស្រី សមាជិកសមាជិការដ្ឋសភា មន្រ្តីអ្នកមុខអ្នកការ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅវត្តជម្ពូសុវណ្ណហៅ វត្តត្រពាំងព្រីង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះសម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ រួមជាមួយអស់លោក លោកស្រីទាំងអស់ បានអញ្ចើញបូជាទៀនធុប និងផ្កាថ្ឋាយព្រះពុទ្ធបដិមានៅក្នុងឧបដ្ឋានសាលា និងប្រារព្ធពិធី ថ្វាយបថ្គំព្រះពុទ្ធរូប និងសមាទានសីលទៅតាមគន្លង នៃទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ដែលមានតាំងពីបុរាណកាលមកដើម្បី ជាកិច្ចរំលឹកគុណបុណ្យព្រះរតនត្រ័យ ជាពិសេសរំលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្ថរៈសម្មាសម្ពោធិញ្ញាណ និងព្រះធម៌ដ៏វិសេសវិសាលបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទ្ធគោរពប្រតិបត្តិ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត។

សូមរំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សារយៈពេល១៥ថៃ្ងគត់។

ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៤រោច ខែភទ្របទ ហើយឲ្យឈ្មោះថា វេណទី១ ដល់វេណទី១៤។ រយៈពេល១៤ថៃ្ងនេះ ឲ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធបរិស័ទគ្រប់វេណទាំងអស់បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឲ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ ។

នៅក្នុងពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ សៅ ទី ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសាររួមនឹងអស់លោក លោកស្រីចូលរួម បានអញ្ជើញរាប់បាត្រ ប្រគេនភត្តហារបវរណាចតុបច្ឆ័យ ប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ដែលសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ធន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតានិងញាតិការទំាង៧សន្ថាន ជាពិសេស ឧទ្ទិសជូនចំពោះវិញ្ញាណក្ខ័ន្ធ ឧបាសក សំហែន ឧបាសិកា ហេង សឹម ឧបាសក សៅ យូ ឧបាសិកា ពេជ្រ ទូចនិងគ្រូឧបធ្យារបស់សម្តេច ដែលបានចែកឋានទៅកាន់លោកខាងមុខសូមឲ្យមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លាដែលសម្តេចអគ្គមហាពញាចក្រីហេងសំរិននិងលោកជំទាវបានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងសូមអោយអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់អោយវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្ថានរបស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិននិងលោកជំទាវបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី១១នេះ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគសម្ភាររួមមាន៖ អង្ករ៥បាវ ទឹកសុទ្ធ៦កេស ទឹកក្រូច៦កេស មី១កេសធំ ត្រីខ ទឹកដោះគោខាប់១កេស តែស្កសរ កាហ្វេ ទឹកត្រី៦យួរ ទឹកស៊ីវអ៊ីវ៦យួរ និងបច្ឆ័យចំនួន១០លានរៀល វេរប្រគេនដល់វត្តជម្ពូសុវណ្ណហៅវត្តត្រពាំងព្រីង ទុកសម្រាប់ប្រើប្រាស់ ក្នុងការកសាងសមិទ្ធផលក្នុងវត្ត។ ជាមួយនេះ សម្តេច និងលោកជំទាវ ក៏បានចែកជូនលោកយាយជីលោកតាជី១០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំថវិកា១ម៉ឺនរៀល៕