សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព


(បាលី, ឥណ្ឌូណេស៊ី)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅម៉ោងជាង៤រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំ និងគណៈប្រតិភូ បានចេញដំណើរពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន មកដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការហោះហើររយៈពេលប្រមាណ១០ម៉ោង។ តាមការគ្រោងទុកខ្ញុំ និងប្រតិភូ នឹងចូលរួមប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខាអង្គការសហប្រជាជាតិ, ប្រធានធានាគារពិភពលោក, នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែល ផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់ទៅកាន់មាតុប្រទេសវិញ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ខានស្អែកនេះ។

ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានជូនពរបងប្អូនជនរួមជាតិពីចម្ងាយ និងបានបង្ហោះជូនរូបថតមួយសន្លឹករបស់សម្តេចកាលពីអាយុ២៦ឆ្នាំ ដើម្បីធ្វើការប្រៀបធៀបរវាងវ័យក្មេង និងវ័យយចំណាស់៕