ឯកឧត្តម ស៊ឹម កា ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានទី១ ជំនួស ឯកឧត្តម នៃ ប៉េណា ដែលទទួលមរណភាព


ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សមាជិព្រឹទ្ធសភាសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ ឯកឧត្តម ស៊ឹម កា ឱ្យធ្វើជាអនុប្រធានទី១ ជំនួស ឯកឧត្តម នៃ ប៉េណា ដែលទទួលមរណភាព។

សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកមិញនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៥៨រូប។ក្នុងនោះមានមានរបៀបវារៈចំនួន២ ដែលអនុម័តគឺ៖ ១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤, ២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤។

តាមសេចក្តីប្រកាសលទ្ធផលផ្លូវការនៃព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធរឹទ្ធសភា បានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាព ក្នុងនោះ ឯកឧត្តម ស៊ឹម កា ទទួលបានសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ក្រៅពីបោះឆ្នោតនេះ ព្រឹទ្ធសភា ក៏ទទួលស្គាល់ លោកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥ ជំនួស ឯកឧត្តម នៃ ប៉េណា ផងដែរ។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕