រដ្ឋមន្ត្រីទេសចរណ៍ បង្ហាញផលិតផលទេសចរណ៍ជាច្រើន ដល់ប្រតិភូជាតិ-អន្តរជាតិដែលចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨


ក្នុងពិធីលាងសោយភោជន៍នៅសណ្ឋាគារសូហ្វីតែល នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញផលិតផលទេសចរណ៍ជាច្រើន ដល់ប្រតិភូជាតិ និងអន្តរជាតិដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាពក្នុងតំបន់ សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរគ្រប់ទិសទីក្នុងពិភពលោក កម្ពុជាកំពុងមានការអភិវឌ្ឍរីកចំរើន​លើគ្រប់វិស័យគួរជាទីមោទនៈ។

កម្ពុជាមានមរតវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក គឺប្រាសាទអង្គរវត្ត ជាផលិតផលដ៏ពិសិដ្ឋបំផុតសម្រាប់កម្ពុជា ដែលបានផ្ដល់នូវថាមភាពយ៉ាងខ្លាំង ក្នុងការទាក់ទាញទេសចរមកពីជុំវិញពិភពលោក កាន់តែច្រើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ កំពុងតែខិតខំបន្ថែមទៀតដើម្បីធ្វើការអភិវឌ្ឍផលិតផល នៅតាមគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត ដូចជា៖ តំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍។

ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុត ពោរពេញទៅដោយសក្ដានុពលបេតិកភណ្ឌវប្បធម៌យ៉ាងច្រើនអនេក រួមមាន៖ សំណង់ប្រាសាទជាប្រវត្តិសាស្រ្ដ ដែលមានអាយុកាលរាប់ពាន់ឆ្នាំជាច្រើន ក៏កំពុងត្រូវបានយកចិត្តទុកដាក់រៀបចំឡើងឲ្យកាន់តែមានភាពងាយស្រួល ដល់ការទស្សនារបស់ភ្ញៀវ។

តំបន់នេះក៏កំពុងប្រែក្លាយជាទីកន្លែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាជាច្រើន ដូចជា ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង (Haft Marathon) ទិវាយោគៈគាអន្តរជាតិ (International Day of Yoga) និងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដោយបានផ្ដល់បទពិសោធន៍ឲ្យទេសចរអន្តរជាតិ បានសិក្សាស្វែងយល់កាន់ច្បាស់ពីវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់របស់កម្ពុជា។

ភាពដ៏មហស្ចារ្យមួយទៀតនោះ គឺការទស្សនាព្រឹត្តិការណ៍អរិយភាពធម្មជាតិព្រះអាទិត្យរះចំពីលើកណ្ដាលកំពូលប្រាសាទអង្គរវត្ត ( Angkor Equinox) ចំនួន២ដងក្នុងមួយឆ្នាំរៀងរាល់ខែមីនា និងខែកញ្ញា។

រាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជា ក៏កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ ដែលមានទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន និងកំពុងត្រូវបានគិតគូរអភិវឌ្ឍឲ្យទៅជាគោលដៅទេសចរណ៍ MICE និងទេសចរណ៍ទិញទំនិញដ៏ពេញនិយមមួយក្នុងតំបន់ នាពេលអនាគត។

ជាមួយគ្នានេះ ដើម្បីបម្រើដល់ការទស្សនារបស់ទេសចរ រាជធានីភ្នំពេញក៏នឹងរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួននៅពេលខាងមុខ ដូចជា ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រខែ នាថ្ងៃទី២១-២៣ ខែវិច្ឆិកា និងការរៀបចំពិធីសម្ពោធសមិទ្ធផលវិមានឈ្នះ-ឈ្នះ ដោយ​នឹងមានកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ ការតាំងពិព័រណ៍ទេសចរណ៍ កម្មវិធីសម្ដែងសិល្បៈ និងកម្មវិធីអបអរសាទរឆ្លងឆ្នាំសកល ២០១៨។

កម្ពុជាក៏នឹង​ធ្វើជាម្ចាស់ផ្ទះនៃវេទិការ​ទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២១ (40th ATF 2021) និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ (32th SEA GAMES 2023)។

តំបន់ឆ្នេរសមុទ្រកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងក្លាយជាប៉ូលទាក់ទាញ​ដ៏សំខាន់មួយទៀត ដោយតំបន់កោះមួយចំនួនក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅ​ជារមណីយដ្ឋានទេសចរណ៍ (Tourism Resort) ដែលមានផលិតផល​ និងសេវាកម្ម​កំរិតស្ដង់ដារអន្តរជាតិ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ពិសេសខេត្តនេះក៏មានអាកាសយានដ្ឋានអន្តរជាតិកងកេង ដែលអាចអោយទេសចរធ្វើដំណើរតាមជើងអាកាសមកពីរាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងទីក្រុងមួយចំនួនក្នុងតំបន់បានយ៉ាងងាយស្រួល។

ជាមួយគ្នានេះដែរ តំបន់ឆ្នេរក៏នឹងមានការរៀបចំ ពិធីបុណ្យសមុទ្រ (Sea Festival) លើកទី៧ ​ពីថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដែលជាខេត្តមួយដ៏ស្រស់ស្អាតនៅភូមិភាគនារតីនៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ កម្ពុជាពិតជានៅបន្តត្រូវការអ្នកវិនិយោគពីបរទេសបន្ថែមទៀតដើម្បីធ្វើការវិនិយោគលើផលិតផល និងសម្បទាទេសចរណ៍ចាំបាច់ជាច្រើនទៀត ដូចជា សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងលក់ដូរទំនិញ (Shopping Mall) ទំនើបៗ រមណីយដ្ឋាន មជ្ឈមណ្ឌលវិស្សមកាលកម្សាន្ត និងកីឡាទេសចរណ៍ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ទាំងនៅតំបន់សៀមរាបអង្គរ ទាំងតំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងរួមទាំងតំបន់អេកូ៕