ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ចុះសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនចំនួន២០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី​ គន់​ គីម​ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អមដំណើរដោយ​ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល​ខេត្ត​ស្វាយរៀង​ បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ​ និងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូន​អតីត​យុទ្ធជន​ និវត្តន៍​ជនចំនួន​២០០គ្រួសារ​ ដែលទទួលបានដី និងផ្ទះជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន នៅភូមិ​ជីកដី ឃុំ​អណ្តូងត្របែក​ ស្រុករមាសហែក​ ខេត្ត​ស្វាយរៀង​។

ថ្លែង​សំណេះសំណាលជាមួយអតីតយុទ្ធជន ឯកឧត្តមទេសរដ្ឋមន្ដ្រី​ គន់ គីម​ បានកោតសសើរបងប្អូនទាំងអស់គ្នា ដែលបានខិតខំដាំដំណាំ​ចិញ្ចឹមសត្វ​នៅតាមលំនៅដ្ឋានរបស់ខ្លួនធ្វើឲ្យជីវភាពមានការរីកចម្រើនជាងមុន។

តាមរយៈ​ ឯកឧត្តមទេសរដ្ឋមន្ដ្រី​ គន់​ គីម​ បងប្អូន​អតីត​យុទ្ធជន​ដែលកំពុងរស់នៅទីនេះ បានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅគ្មានថ្ងៃ​បំភ្លេច​បាន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន​ ដែលបានផ្តល់ដី​ផ្តល់ផ្ទះជូនពួកគាត់​ ធ្វើឲ្យជីវភាពរបស់ពួកគាត់​ដែល​ពីមុនមានការខ្វះខាត​ឥឡូវបានធូរស្រាលមួយកំរិត​ និងសូមអរគុណ​ សម្តេច​ ដែល​តែងតែ​ឲ្យ​លោកទេសរដ្ឋមន្ដ្រី ចុះសួរសុខទុក្ខ​ និងដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា៕