នាយករដ្ឋមន្ត្រីបញ្ឈប់បញ្ហាដីខ្មែរ-ស្រែវៀតណាម


     មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា សម្តេចតេ​ជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ធ្វើ​លិខិត​ជា​ផ្លូវ​ការ​ទៅ​ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម អំពី​ការ​ឈប់​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ ឈប់​ធ្វើ​ស្រែ​ចំការ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ។

     គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ចេញ​សារាចរ​ស្តី​ពី​ការ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់​ ឬ​ជួល​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វៀតណាម ឡាវ និង​ថៃ ​។ នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៦ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​លិខិត​ទៅ លោក​នាយក​រដ្ឋមន្ត្រី​វៀត​ណាម អំពី​ការ​ឈប់​ឲ្យ​ជន​ជាតិ​វៀតណាម​ជួល​ដី​នៅ​តាម​បណ្តោយ​ព្រំដែន ​។

     ការ​ចេញ​សារាចរ​នេះ គឺ​ដោយ​សារ​តែ​ការ​ជួល​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ជិត​ខាង ពុំ​មាន​ឯកសារ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី​ជា​ជន​ជាតិ​ខ្មែរ​ បាត់​បង់​នូវ​ផល​ប្រយោជន៍​ នៅ​ពេល​មាន​វិវាទ​កើត​មាន​ឡើង​ ។