ចំណេះដឹង! តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) ផ្តោតលើ​បញ្ហា​អ្វីខ្លះ?


ភ្នំពេញ៖ មេដឹកនាំកំពូលៗមកពី​តំបន់​អាស៊ី និង​អឺរ៉ុប​នឹង​ប្រមូលផ្តុំ​នៅក្នុង «កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ២០១៨ របស់​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២២ ដល់២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ”អឺរ៉ុប និង​អាស៊ី ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល”មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ​ជាដើម។

សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង “ពង្រឹង​ប្រព័ន្ធ​ពហុ​និយម៖ ជំរុញ​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប​អំពី​ការ​ប្រឈម​សកល “សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ៖“របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?

កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី​ចំនួន២១ប្រទេស ព្រមទាំង​លេខាធិការ​អាស៊ាន​ផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើង​ពី​បញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយ​គោលបំណង នៃ​ការលើក​កំពស់​ទំនាក់ទំនង រវាង​តំបន់​ទាំងពីរ ដោយ​ឈរលើ​គោលបំណង នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង ភាពជា​ដៃគូ​ដោយ​ស្មើ​សិទ្ធិ​គ្នា។

ASEM ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​កាលពី​ឆ្នាំ១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយមាន​ការចូល​ពី​ប្រទេស​ចំនួន១៥នៃ​សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន៧ នៃ​សមាជិក​អាស៊ាន បូក​ថែម​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ស្នងការ​អឺរ៉ុប​ប៉ុណ្ណោះ។ នៅពេលនោះ​អឺរ៉ុប បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ​ការ​លូត​យ៉ាង​រហ័ស និង​សក្តានុពល​នៅក្នុង​តំបន់​អាស៊ី ហើយ​គេច​ង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការពង្រឹង និង​ការធ្វើ​ទំនើបកម្ម​ទំនាក់ទំនង​លើ​វិស័យ ឬ​សរសរ​ស្តម្ភ​បី​គឺ៖ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌។

កិច្ចប្រជុំ​កំពូល ASEM គឺជា​ការជួបគ្នា​រវាង​ពីរ​ឆ្នាំ​ម្តង របស់​ប្រមុខ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល ប្រធាន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​នៃ​ស្នងការ​អឺរ៉ុប និង អគ្គលេខាធិការ​នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន។ កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ដែល​ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់២ឆ្នាំ​ម្តង បាន​ក្លាយជា​វេទិកា​មួយ​យ៉ាងសំខាន់ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ក្នុងការ​ថែរក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព៕