អាជ្ញាធរ​ក្រុងភ្នំពេញ មាន​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុង​ជា​តំបន់​បៃតង


ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ និង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​នោះ ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ក៏ត្រូវ​បានគិត​គូ​រប​ន្ថែ​ម ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​បៃតង។

ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ នៅ​រាជធានី​ភ្នំពេញ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ យន្តការ​ជាច្រើន​ត្រូវបាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ដើម្បី​អនុវត្ត។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លើកឡើង កាលពីដើម​ឆ្នាំនេះ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការអភិវឌ្ឍ​ធំ​មួយ ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ដែលជា​ទីក្រុង​មានបទពិសោធន៍ នៃ​ការរៀបចំ​ទីក្រុង​ឲ្យ​មាន​ភាពស្រស់​បំព្រង ចង់​ឲ្យ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង​ដែលមាន​បរិស្ថាន​ល្អ។ លោក​បន្តថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់៣.២៥% ក្នុងឆ្នាំ។

លោក​បន្តថា “បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូតដល់១.៧លាន​នាក់ គឺ​ប្រមាណ​ជា៥៦ភាគរយ នៃ​ប្រជាពលរដ្ឋ​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូលមក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ។

លោកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ គឺមាន​ការងារ​ពីរ ត្រូវបាន​ដាក់​ឲ្យ​សិក្សា ទី១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី២ការពង្រឹង​ការរំដោះ និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី ព្រះស៊ីសុវត្ថិ។

លោកស្រី​បន្តថា ដើម្បី​ធ្វើ​ការងារ​ខាងលើ​ឲ្យ​បាន​ជោគជ័យ គឺមាន​វិធីសាស្ត្រ​មួយ​ត្រូវបាន​ស្នើឡើង​ជាពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុកជា​មូលដ្ឋាន​ក្នុងការ​កែតម្រូវ​ឲ្យ​ត្រូវ​នឹង​តថភាព​ជាក់ស្តែង​ក្នុង​តំបន់​នោះ។ វិធីសាស្ត្រ​នោះ​តម្រូវ​ឲ្យ​យើង​ប្រើ​ទស្សនទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដោយមាន​ការងារ​រួម​ចម្រុះ ដែល​ទាមទារ​ឲ្យ​អោយ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាលផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ៕