ទិវាទេសចរណ៍ពិភពលោកឆ្នាំនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជំរុញភាពទៅដល់ជាសកល»


ភ្នំពេញ: ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជំរុញភាពទៅដល់ជាសកល” គឺជាឱកាសដ៏ វិសេសវិសាលថ្មីទៀត ដើម្បីលើកស្ទួយ និងបង្ហាញនូវតួនាទីគន្លឹះ របស់វិស័យទេសចរណ៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការការពារសម្បត្តិវប្បធម៌ បរិស្ថាន ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការជំរុញបង្កើនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្នុងពិភពលោក និងភាពចាំបាច់នៃ កិច្ចសហការដ៏ល្អ និងស្មោះត្រង់ រវាងគ្រប់ភាគីពាក់ព័ន្ធ (រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍) ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា។ នេះបើតាមសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
តាមរយៈសារលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ ភ្ញៀវទេសចរ អន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែច្រើន ឡើងថែមទៀត ដោយសម្តេចតេជោ មានប្រសាសន៍ថា ” ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវផងដែរ ដល់ជនរួមជាតិ សូមបន្តចូលរួមគាំទ្រ សកម្មភាពទេសចរណ៍ សំដៅចូលរួមចំណែក ដល់ការអភិវឌ្ឍទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុង និងបង្កើនស្មារតី នៃការស្រឡាញ់មាតុភូមិ សាមគ្គី និងមិត្តភាព ក៏ដូចជា ចែករំលែកផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ”។
ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សូមបន្តចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍នៅកម្ពុជា ឲ្យបានកាន់តែសកម្មថែមទៀត តាមរយៈការថែរក្សា សម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការការពារបរិស្ថាន ការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការរក្សាសុខសន្តិភាព និងការធានាឲ្យបាន នូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ពិសេសស្នើឲ្យផ្នែកឯកជន ក្នុងឧស្សាហកម្ម ទេសចរណ៍ សម្របសម្រួលទម្រង់ធុរកិច្ច របស់ខ្លួន ក្នុងការទទួលស្វាគមន៍ ភ្ញៀវទេសចរគ្រប់ប្រភេទ ក្នុងនោះរាប់ទាំងទេសចរណ៍ ដែលមានពិការភាព។
ទិវាទេសចរណ៍ពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ មានសារៈសំខាន់ ជំរុញឱ្យភាគីពាក់ព័ន្ធនានា រួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងទេសចរ កាន់តែយល់ច្បាស់ អំពីតួនាទី និងអត្ថប្រយោជន៍ នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានរួមចំណែក យ៉ាងសំខាន់ដល់ ការអភិរក្សសម្បត្តិវប្បធម៌ កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា មានសេចក្តីរីករាយ ក្នុងការចូលរួមប្រារព្ធ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ជាមួយពិភពលោកទាំងមូល ហើយយកឱកាសនេះ ដើម្បីអបអរសាទរ ចំពោះសមិទ្ធផល និងការអភិវឌ្ឍទេសចរណ៍កម្ពុជា និងជំរុញលើកទឹកចិត្ត ឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តគាំទ្រអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ប្រកបដោយបរិយាប័ន្ន សំដៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។
តាមរយៈប្រធាន បទទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ វិស័យទេសចរណ៍ ជាវិស័យដ៏មានសារសំខាន់ ក្នុងពាណិជ្ជកម្មអន្តរជាតិ និងជាប្រភពចំណូល រូបិយប័ណ្ណដ៏ចម្បង វិស័យនេះ ក៏បានបង្ហាញនូវលក្ខណៈជាប្រព័ន្ធ និងមានទំនាក់ទំនង រវាងប្រជាលរដ្ឋ និងប្រជាពលរដ្ឋរៀបចំ និងគ្រប់គ្រងដោយប្រជាជន ដែលបានក្លាយជា កម្លាំងចលករ ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម រួមចំណែកជំរុញកំណើន នៃវិស័យពាក់ព័ន្ធនានា។ វិស័យទេសចរណ៍នៅកម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ បាននិងកំពុងបោះជំហានរីកចម្រើន យ៉ាងខ្លាំងក្លាជាលំដាប់ ដោយរក្សាបាននូវ ស្ថិរភាពកំណើន ជារៀងរាល់ឆ្នាំ និងបានរួមចំណែក ប្រមាណជា១២ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP)។ ដោយមើលឃើញ អំពីសក្តានុពល នៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង ជាវិស័យអាទិភាព ដោយសារតែវិស័យនេះ មិនត្រឹមតែបង្កើននូវ កាលានុវត្តភាពការងារ លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងបង្កើនចំណូលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស និងរូបិយប័ណ្ណអន្តរជាតិ ដែលជាការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ ចូលរួមដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ស្របតាមទស្សនទាន ” ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”។
ជាការពិត តាមរយៈ ទស្សនទាននេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ខ្ជួន នូវទស្សនាទានជំរុញការអភិវឌ្ឍ “ទេសចរណ៍ដើម្បីទាំងអស់គ្នា” ដោយឈរលើ អភិក្រមពីរ គឺ១) ទេសចរណ៍ដែលមានការគិតគូរ ពីការជំរុញភាព ទៅដល់សម្រាប់ទាំងអស់គ្នា ដោយធានាថា កម្ពុជា ជាគោលដៅទេសចរណ៍ ស្វាគមន៍ភ្ញៀវទេសចរគ្រប់ប្រភេទ ទាំងទេសចរណ៍វ័យចំណាស់ ទេសចរយុវជន ទេសចរមានគ្រួសារច្រើន ទេសចរដែលមានពិការភាព។ ២) ក៏ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងជាគោលដៅទេសចរណ៍ ដែលផ្សារភ្ជាប់នឹងកិច្ចការសង្គម។
ជារួម កម្ពុជាស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ រួមទាំងទេសចរវ័យក្មេង ទេសចរវ័យចំណាស់ និងទេសចរ ដែលមានពិការភាព ដោយគ្មានការរើសអើង ហើយពួកគេមិនត្រូវបានកាត់ផ្ដាច់ចេញ ពីការទទួលផលពីការអភិវឌ្ឍ វិស័យទេសចរណ៍ឡើយ។ ដែលនេះសបញ្ជាក់ ឱ្យឃើញពីសិទ្ធិ និងកាតព្វកិច្ច របស់គ្រប់ភាគីពាក់ព័ន្ធ ផ្នែកសាធារណៈ ផ្នែកឯកជន ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍ ក្នុងការទទួលស្គាល់ និងគោរពសិទ្ធិ របស់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត ដោយទទួលបាននូវ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ សិទ្ធិសេរីភាព ក្នុងការធ្វើដំណើរសិទ្ធិ ក្នុងការទទួលបានព័ត៌មានពិត សិទ្ធិទទួលបានសេវាកម្ម ពិតមិនក្លែងបន្លំ សិទ្ធិទទួលបានសេវាសុខាភិបាល។
ក្នុងន័យនេះ ដើម្បីចូលរួមដល់ ពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានប្រកាសដាក់ឱ្យ អនុវត្តន៍នូវក្រមសីលធម៌វិជ្ជាជីវៈ សកលសម្រាប់វិស័យទេសចរណ៍ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ជាផ្លូវការ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍ ចូលរួមអនុវត្តន៍ ឱ្យបានទូលំទូលាយ។
ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងទេសចរណ៍ ជាសេនាធិការ គ្រោងនឹងដាក់ចេញនូវកម្មវិធីទាក់ទាញ ទេសចរវ័យចំណាស់់ហៅថា កម្ពុជាជាផ្ទះទីពីរ សម្រាប់ទេសចរវ័យចំណាស់ និងទេសចរយុវជន ព្រមទាំងនឹងបង្កើត នូវតំបន់ទេសចរណ៍ ពិសេសសម្រាប់បម្រើ ឱ្យទេសចរកម្រិតខ្ពស់ និងកម្មវិធីផ្ដល់ព័ត៌មាន ទេសចរណ៍ដល់ទេសចរ ឱ្យធ្វើដំណើរបានគ្រប់គោលដៅទេសចរណ៍ នៅទូទាំងប្រទេសប្រព័ន្ធ សុវត្ថិភាពទេសចរណ៍ និងបង្កើតនូវប្រព័ន្ធ មូលប្បទានប័ត្រ ដំណើរកម្សាន្ត សម្រាប់អនុញ្ញាត ឱ្យទេសចរក្នុងស្រុក និយោជិត បុគ្គលិក និស្សិត យុវជន មានជីវភាពមធ្យម អាចធ្វើដំណើរកម្សាន្តបាន ទូទាំងប្រទេសក្នុងកម្រិតថវិកាមធ្យម៕

samdec-hun-sen-27-09-2016-1

samdec-hun-sen-27-09-2016-2

samdec-hun-sen-27-09-2016-3

samdec-hun-sen-27-09-2016-4

samdec-hun-sen-27-09-2016-5

samdec-hun-sen-27-09-2016-6

samdec-hun-sen-27-09-2016-7