ប្រសិនមានការអនុវត្តដក EBA ពីកម្ពុជាមែននោះ, ក្រុមហ៊ុនអឺរ៉ុបជាង៤០០នឹងចាត់ទុក គណៈកម្មការអឺរ៉ុបជាឧបករណ៍នយោបាយបរទេស​សម្រាប់កម្ពុជា


(ប្រ៊ុចហ្សែល-ប៊ែលហ្សិក)៖ លោក ម៉ាទីន ហេយ (Martin Hayes) តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ប្រសិនបើមានការដកពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ ​ក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុនចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA នេះជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។

ការថ្លែងបែបនេះ​របស់លោក ​ម៉ាទីន ហេយ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្សិក។

​លោក ម៉ាទី ហេយ បានអះអាងថា ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់​ប្រមាណ៤០០ក្រុម​ហ៊ុន បានចាត់ទុកថា ប្រសិន​មានការដកពន្ធអនុគ្រោះ EBA មែននោះ វានឹងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាងធុរកិច្ចទាំងអស់របស់ EU នឹងជួបពិភាក្សា​ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែង មែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។​

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ​ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប និងជាមួយកម្ពុជា មិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តថា​កន្លងមកមាន​ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ា ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ខណៈដែលកន្លងមក EU បានជួយ​ដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សម្រេចដកនូវ EBA គឺហាក់បីដូចជា EU បោះ​បង់ចោលនូវអ្វីដែលខ្លួនបានធ្វើកាល ពីពេលកន្លងមក។

សូមជម្រាបថា ទាក់ទិនបញ្ហានេះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក៏បាន​សរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុក ពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕