សហភាព​អឺរ៉ុប​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា


សហភាព​អឺរ៉ុប​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​ការនាំចេញ​នូវ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​បំផុត និង​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើន​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ថ្លែងថា៖“ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ជាមួយ​សហភាព​អឺរ៉ុប​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស”។ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​គឺជា​កត្តា​ជំរុញ​នូវ​កំណើន។ ពាណិជ្ជករ​សហភាព​អឺរ៉ុប​បាន​បង្កើត​ការងារ​នៅ​កម្ពុជា ដោយ​ពួកគេ​មាន​ទស្សនវិស័យ​យូរអង្វែង​ក្នុងការ​ជំរុញ​ការច្នៃប្រឌិត និង​លើកកម្ពស់​ការអនុវត្ត​ច្បាប់សង្គម និង​ការគិតគូរ​ខ្ពស់​ដល់​បរិស្ថាន។

លោក​បាន​បញ្ជាក់ថា៖ អាជីវកម្ម​របស់​សហ​ភាព​អឺរ៉ុប គឺជា​ដៃគូ​រឹងមាំ និង​អាច​ទុកចិត្តបាន​សម្រាប់​ប្រទេស​កម្ពុជា “ការចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ជំរុញឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​នាំចេញ​របស់​កម្ពុជា ជាពិសេស​សម្លៀកបំពាក់ និង​ស្បែកជើង”។ លោក Edgar បាន​និយាយថា ជាមួយគ្នានេះដែរ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ការចូល​ទៅកាន់​គម្រោងអ្វីៗទាំងអស់​ក្រៅពី​អាវុធ EBA (Everything-but-arms) បានអនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ។

លោក ថា​ស៊ីឡូ ប្រ៊ី​ន​ហ្សើ (Tassilo Brinzer) អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ក្រុមហ៊ុន​អឺរ៉ុប​បាន​បង្កើត​ការងារ​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្តល់​ប្រាក់ខែ​ល្អ “បរិយាកាស​អាជីវកម្ម​នៅទីនេះ​គឺ​ល្អ ដូច្នេះ​យើង​កំពុង​ព្យាយាម​ទាក់ទាញ​ការវិនិយោគ​នៅ​អឺរ៉ុប​កាន់តែច្រើន​នៅក្នុង​ប្រទេស”។ លោក​បាន​បន្ថែមថា មាន​ប្រហែលជា 500ក្រុមហ៊ុន​មកពី​សហភាព​អឺរ៉ុប​កំពុង​តែមាន​វត្ត​មាននៅ​កម្ពុជា។ ជា​រៀងរាល់ឆ្នាំ សហភាព​អឺរ៉ុប​តែងតែ​ចង់ឱ្យមាន​ការឆ្លើយតប​ពី​បញ្ហា​ដែល​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដូចជា​បញ្ហា​អភិបាលកិច្ច បញ្ហា​បរិស្ថាន ព្រមទាំង​លក្ខខណ្ឌ​ការងារ​ល្អ​ផងដែរ។

លោក ថា​ស៊ីឡូ បាន​និយាយថា កម្ពុជា​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ​មួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់។ ក៏ប៉ុន្តែ​ជាមួយនឹង​ការលូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នេះ រដ្ឋាភិបាល​គួរ​គិតគូរ​បន្ថែមទៀត​លើ​បរិយាកាស​ធុរកិច្ច​សម្រាប់​ដៃគូ​វិនិយោគ។ ក្នុងនោះ​ការបើកប្រាក់-​បំណាច់​អតីតភាព​ការងារ 2ដង​ក្នុង​មួយឆ្នាំ ក៏​ជាការលំបាក​ដល់​អ្នកវិនិយោគ​ដែរ។

យ៉ាងណាក៏ដោយ សភាពាណិជ្ជកម្ម​អឺរ៉ុប​ដែលជា​តំណាង​ក្រុមហ៊ុន​របស់​អឺរ៉ុប​បាន​បញ្ជាក់ថា ខ្លួន​បាន និង​កំពុង​គាំទ្រ​លើ​ការតាក់តែង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការវិនិយោគ​ឱ្យ​កាន់តែ​ល្អប្រសើរ។ នេះ​មិនមែន​សម្រាប់តែ​ការវិនិយោគ​ពី​អឺរ៉ុប​ទេ តែ​សម្រាប់​ទាក់ទាញ​ការបណ្ដាក់ទុន​ពី​គ្រប់​វិនិយោគិន​បរទេស រួមទាំង​ក្រុមហ៊ុន​ក្នុងស្រុក​ផងដែរ។

ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ស្គាល់​សហភាព​អឺរ៉ុប​ត្រឹមតែ​ជា​សហគមន៍ ដែល​ផ្ដល់ជំនួយ​ធំជាងគេ​បង្អស់ និង​ជាទី​ផ្សារ​នាំចូល​ផលិតផល​ដ៏​ចម្បង​របស់​កម្ពុជា​ប៉ុណ្ណោះ ក៏ប៉ុន្តែ​លើសពី​ម្ចាស់ជំនួយ​អភិវឌ្ឍន៍ និង​ជាទី​ផ្សារ​នាំចូល​ផលិតផល​ប្រមាណ 45%របស់​កម្ពុជា អឺរ៉ុប​ក៏​ជា​ដៃគូ​វិនិយោគ​លំដាប់​ទី3 នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ចិន និង​កូរ៉េដែរ។

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងនេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ដោយ​កើនឡើង 227%​ ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ។