ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តយុវជនជ័យលាភីអាហារូបករណ៍ នៃរដ្ឋាភិបាលអូស្រ្តាលី និងអាហារូបករណ៍កម្ពុជា-នូវែលសេឡង់ ខិតខំសិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម


ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមយុវជនដែលជាមន្រ្តីរាជការ និងជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៃរដ្ឋាភិបាលអូស្រ្តាលី និងអាហារូបករណ៍កម្ពុជា-នូវែលសេឡង់ ចំនួន២១រូប ដែលត្រូវចេញដំណើរនៅខែមករា ២០១៩ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវអំណរសាទរចំពោះយុវជនកម្ពុជា ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហើយនេះក៏ជាការឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវក្នុង ការកសាងខ្លួនរបស់យុវជនទាំងអស់។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យុវជនកម្ពុជា ចេះចាប់យកឱកាសនៅសម័យបច្ចុប្បន្ននេះ ក្នុងការពង្រឹង និងកសាងសមត្ថភាព លើកកម្ពស់ចំណេះដឹង ទាំងជំនាញ និងស្មារតីចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវជនទាំងអស់ ចូលរួមឱ្យបានសកម្មថែមទៀតក្នុងការសិក្សា ស្រាវជ្រាវថែមទៀត ក៏ដូចជាស្វែងយល់អំពីប្រទេសផ្សេងៗ ហើយចែករំលែកនូវភាពសំបូររុងរឿងនៃវប្បធម៌ និងភាពរីកចំរើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងឱកាសនេះដែរ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីផែនការសកម្មភាពរបស់ក្រសួងបរិស្ថាននៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា ដែលក្នុងនោះមានការងារគ្រប់គ្រងបរិស្ថាន កិច្ចគាំពារបរិស្ថាន ដែលជាការងារស្នូលរបស់ក្រសួង បាននឹងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ហើយយុវជនទាំងអស់ត្រូវចូលរួមចំណែកគិតគូរ ក៏ដូចជាជួយអប់រំ និងផ្សព្វផ្សាយពីបរិស្ថានផងដែរ៕