លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធខ្មែរ-ចិន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលមាន ទីតាំង ស្ថិតនៅបូរីរុងរឿង នៃគម្រោងអភិ វឌ្ឍន៍ទីក្រុងរណបតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងនូវការអបអរសាទរ និងការកោតសរសើរដោយស្មោះចំពោះសមាគមសម័ន្ធ ខ្មែរ-ចិន ដែលមាន ឧកញ៉ា ពុង ឃាវសែ ជាប្រធានបានដំណើរការប្រកបដោយជោគជ័យ ក្នុងបេសកកម្ម បំរើដល់មនុស្សធម៌ផង ជួយសង្គមជាតិផង និងជំរុញអាជីវកម្ម និងវិនិយោគផង ជាពិសេសវិនិយោគរវាងកម្ពុជា និងចិន។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែ អគារទីស្នាក់ការកណ្តាល ដ៏ប្រណិត ដែលយើងទាំងអស់គ្នា កំពុងសម្ពោធជាផ្លូវការនេះ ជាអគារថ្មីមែន តែសមាគមសម្ព័ន្ធ ខ្មែរ-ចិន បានកកើត និងបានរួមសហការ ជាមួយរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩០ មកម្លេះ ពោលគឺមកទល់ពេលនេះមានរយៈពេល ២៨ ឆ្នាំ ។
រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះការអនុវត្តគោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា បានបង្ករលក្ខណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុ ប្រទេសយើ ងទាំងអស់គ្នា។

លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តទៀតថា នៅក្នុងក្របខណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ការបង្កើត “មូលនិធិផ្លូវសូត្រ” និង “ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី” ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមយុទ្ធសាស្ត្រ “ឈ្នះ ឈ្នះ” រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង វិស័យគន្លឹះផ្សេងៗទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិតមានជំនឿយ៉ាងមុតមាំថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ពុង ឃាវសែ រួមជាមួយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមនឹងបន្តការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជំរុញការចូលរួមលើកកំពស់ទំនាក់ទំនងកម្ពុជា-ចិន កានតែប្រសើរឡើងបម្ថែមទៀត៕
ជាទីបញ្ចប់ លោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា និងអ្នកចូលរួមក៏បានអញ្ជើញទស្សនាបរិវេណក្នុងទីស្នាក់ការ និងបន្តទៅទស្សនាទីតាំងសាងសង់សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ចិន ដែលមានចំងាយប្រមាណជាង ២គីឡូម៉ែត្រ ពីទីស្នាក់ការសមាគមនោះផងដែរ។