១០ឆ្នាំខាងមុខប្រជាជនខ្មែរនឹងទិញខុនដូជាជម្រើសទី២សម្រាប់ពួកគេកាន់តែច្រើន


ភ្នំពេញ : ស្របពេលតម្រូវការខុនដូភាគច្រើននៅកម្ពុជា កំពុងមានប្រជាប្រិយភាព​សំរាប់ជនបរទេស អ្នកជំនាញអះអាងថា ប្រជាពលរដ្ឋខ្មែរនឹងជ្រើសរើសរស់​នៅខុនដូ​ជា​ជម្រើស សម្រាប់លំនៅដ្ឋានទី២របស់ពួកគេ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមាន​ប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ តុលានេះថា បច្ចុប្បន្នប្រជាជនកម្ពុជាជ្រើសរើសផ្ទះ​វីឡា ឬផ្ទះល្វែង ឬផ្ទះអាជីវកម្មជាជម្រើសទី១ ប៉ុន្តែនាពេលអនាគតឬមួយទសវត្សរ៍​ខាងមុខ ទីក្រុងកាន់តែចង្អៀត ហេតុនេះអ្នកនាងយល់ថា ប្រជាពលរដ្ឋខ្មែរនឹងទិញ​ខុនដូ​សំរាប់​លំនៅដ្ឋានទី២របស់ពួកគេ ព្រោះការរស់នៅខុនដូមានភាពងាយស្រួល ផាសុខភាព សន្តិសុខល្អ និងជាពិសេសជិតកន្លែងធ្វើការរបស់ពួកគេ។ អ្នកនាង​បន្តថា “ខុនដូដែលមានតម្លៃមធ្យម ហើយនៅទីប្រជុំជនក្រុងនឹងមានប្រជា​ប្រិយភាព ហើយអ្នកវិនិយោគក្នុងស្រុកនឹងចាប់ផ្តើមគិតពីគំរោងវិនិយោគបែបនេះ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា កាលពី​ឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញមានខុនដូចំនួន១៧៤យូនីតប៉ុណ្ណោះ និងវិនិយោគដោយ​ជន​​ជាតិកូរ៉េ ប៉ុន្តែបច្ចុប្បន្នមានខុនដូ១២,០០០យូនីតក្នុងទីផ្សារ និងខុនដូជាច្រើនម៉ឺន​យូនីតទៀតបាននិងកំពុងសាងសង់ ខណៈក្រុមហ៊ុនអន្តរជាតិចូលមកវិនិយោគក្នុង​វិស័យ​នេះ​មានកាន់តែច្រើនដូចជា មកពីម៉ាឡេស៊ី សឹង្ហបុរី ជប៉ុន ម៉ាឡេស៊ី កូរ៉េជាដើម។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ស្រដៀងគ្នាថា ជម្រើសខុនដូបច្ចុប្បន្ន៨០ភាគរយ ត្រូវបានទិញនិងវិនិយោគ​ដោយជនបរទេស ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ចំនួននេះនឹងបញ្រ្ចាស​ត្រលប់មកវិញ មានន័យថា ប្រជាជនកម្ពុជានឹងសម្រេចចិត្តរស់នៅខុនដូជំនួសវិញ។ ហេតុនេះអ្នកវិនិយោគ​ចិន ដែលវិនិយោគគំរោងធំៗនៅទីនេះ ពួកគេ​មើលឃើញ​និន្នាការ​ប្រែប្រួលចំពោះមុខ ខណៈតម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន វាជាពេលវេលាសមស្របសម្រាប់ពួកគេចូលមកអភិវឌ្ឍន៍។ អ្នកនាងបន្តថា “បើពួកគេយឺតជាងនេះ ពួកគេនឹងយឺតពេល ព្រោះតម្លៃដីធ្លីកើនខ្ពស់​ហើយទីផ្សារកាន់តែមានភាពប្រកួតប្រជែងខ្លាំង”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Soluction បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៤,៥លាននាក់នៅឆ្នាំ២០៣០ ហេតុនេះខុនដូនឹងជាជម្រើសរបស់ពួកគេ ដោយសារកំនើននៃការកកស្ទះចរាចរណ៍ កំនើ​នតម្លៃអចលនទ្រព្យ ពិសេសផ្ទះក្នុងទីក្រុង ពិសេសការរីកចម្រើននៃ​បច្ចេកវិទ្យា​អាចជួយ​សម្រួល ក៏ដូចជាធ្វើឲ្យបែបផែនជីវិតមានការផ្លាស់ប្តូរ៕