ប្រធានរដ្ឋសភាប្រទេសប៊ូតាន ស្នើសុំ សម្តេច ហេង សំរិន ជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត


នៅអំឡុងពេលដឹកនាំគណៈប្រតិរដ្ឋសភា នៃព្រះរាជាណាចក្រប៊ូតាន មកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជីកមី ហ្សាងប៉ូ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រប៊ូតាន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ឯកឧត្តមប្រធាន និងសហការី ដែលបានដឹកនាំគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រប៊ូតាន ចូលរួមប្រជុំក្រុម ប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី នៅកម្ពុជាពេលនេះ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម និងគណៈប្រតិភូបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ អំពីកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ី ជាពិសេសរវាងរដ្ឋសភា នៃព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ប៊ូតាន ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ថ្វីត្បីត កម្ពុជា-ប៊ូតាន ពុំទាន់មានទំនាក់ទំនងការ ទូតជាមួយគ្នា តែស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខណ្ឌសភាតំបន់ មានដូចជា សភាតំបន់អាស៊ី(អេភីអេ) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការអប់រំ (FASPPED) ជាដើម ។
ឯកឧត្តម ជីកមី ហ្សាងប៉ូ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញគណៈប្រតិភូរដ្ឋសភាប្រទេសប៊ូតាន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្នុងការស្នាក់នៅ នៅកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជានិងប៊ូតាន មានស្ថានភាពប្រហាក់ប្រហែលគ្នា ដូចជា មានព្រះមហាក្សត្រដូចគ្នា តែប៊ូតានមានប្រជាជនតែជាង១លានកន្លះ ប៉ុណ្ណោះ។
ប៊ូតានជាប្រទេសសម្បូរភ្នំ របបដឹកនាំប្រទេសតាមបែបលិទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតអាណត្តិថ្មីរបស់ប្រទេសបូតាន ធ្វើឡើងកាលពីឆ្នាំ២០១៣ កន្លងមកនេះ។ ឯកឧត្តម ជីកមី ហ្សាងប៉ូ បានលើកឡើងថា រដ្ឋសភាប្រទេសឯកឧត្តម ជារដ្ឋសភាថ្មី ដូច្នេះត្រូវសិក្សារៀនសូត្រពីសភាប្រទេសនានា និងអង្គការវេទិកាសភាផ្សេងៗទៀត ដូចជាសភាតំបន់អាស៊ីជាដើម។ នៅអំឡុងពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៅកម្ពុជាពេលនេះ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមបានសិក្សា រៀនសូត្រ ជាច្រើនពីឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩នោះ។
ឆ្លើយតបតាមការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ចំពោះឯកឧត្តមមកចូលរួមមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី នៅលើទឹកអង្គរ ខេត្តសៀមរាប នាចុងឆ្នំា២០១៦នេះ ឯកឧត្តម ជីកមី ហ្សាងប៉ូ បានទទួលយកនិងពិនិត្យលទ្ធភាពដើម្បីចូលរួម។ ឯកឧត្តមបានស្នើ សូម សម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត៕

samdec-hag-27-09-2016-1

samdec-hag-27-09-2016-3

samdec-hag-27-09-2016-2