សម្ដេចតេជោ​ ហ៊ុន​ សែន​ ទស្សនា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​ប្រជា​ប្រិយ​ និង​ចំណាស់​បំផុត​ក្នុង​ទីក្រុង​អ៊ីស្តានប៊ុល


សម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ឋម​ន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទស្សនា​ព្រះវិហារឥស្លាម​ដ៏​មាន​ប្រជាប្រិយ និង​ចំណាស់បំ​ផុត​ក្នុង​ទីក្រុងអ៊ី​ស្តានប៊ុ​ល ​សាធារណរដ្ឋ​តួក​គី។

បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹកថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៊ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។
ព្រះវិហារឥស្លាមនេះគឺជាព្រះវិហារដែលមានវ័យចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអ៊ីស្តានប៊ុល ដែលត្រូវបានដាក់បញ្ចូលជាសប្បត្តិបេតិកភណ្ឌពិភពលោក។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនា​ព្រះវិហារឥស្លាមដ៏មានវ័យចំណាស់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានស្តាប់​យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុត របស់ប្រជាពលរដ្ឋតួកគីដែលបាន ស្ថាបនាដ៏យូរលង់ណាស់មកហើយ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើង វិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជានិងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បានជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះតួកគីក៏បានគាំទ្រ កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេត​ការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជានិងតួកគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជា តួកគី នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៨នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាពលរដ្ឋតួកគីប្រមាណ២៥០នាក់ កំពុងរស់នៅក្នុងប្រទេស​កម្ពុជា៕