វិស័យអប់រំ ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ


ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងផ្តល់ ការយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាព មួយដ៏សំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍ វិស័យដទៃៗទៀត។
ក្នុងពិធីសម្ពោធអគារសិក្សា កម្ពស់ ៣ ជាន់ នៅវិទ្យាល័យជ្រោយចង្វា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពិធីសម្ពោធអគារសិក្សា ក្នុងវិទ្យាល័យជាស៊ីម ជ្រោយចង្វា ត្រូវបានរៀបចំឡើង ស្របពេលដែលវិស័យអប់រំ កំពុងស្ថិត នៅក្នុងដំណាក់កាល នៃការធ្វើកំណែទម្រង់ ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាព លើវិស័យនេះ ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូង សម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ ការអប់រំ សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា អគារសិក្សា១ខ្នងនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្តល់ជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា ដើម្បីចូលរួមចំណែក ពង្រឹងគុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វាឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះ មានចំនួន១០បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង កម្ពស់៣ជាន់រាប់ ទាំងជាន់ផ្ទាល់ដី មានទំហំទទឹងប្រវែង ៩ ម៉ែត្រ និងបណ្តោយប្រវែង ៤៨ ម៉ែត្រ ត្រូវវបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥  នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ អគារសិក្សា ក៏មានបំពាក់នូវឧបករណ៍ សិក្សាផងដែរ ដែលសរុប ១.៥៩៣.៣០០.០០០ រៀល។
លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាព មួយដ៏សំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍ វិស័យដទៃៗទៀត ក្នុងនោះ ផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ បានកំណត់នូវធាតុ ៤ ក្នុងការអភិវឌ្ឍសេដ្ឋជាតិនោះ គឺទឹក ផ្លូវ ភ្លើង មនុស្ស។ សម្រាប់ក្របខ័ណ្ឌ រាជធានីភ្នំពេញ ជាការកត់សម្គាល់ វិស័យអប់រំទាំងមូល មានការរីកចម្រើន ជាបន្តបន្ទាប់ ទាំងបរិមាណ និងគុណភាព ដែលបានបង្ហាញឲ្យឃើញ តាមរយៈចំនួនសាលារៀន ចំណេះទូទៅ គ្រឹះស្ថានសិក្សា និងចំនួនសិស្សានុសិស្ស ចុះឈ្មោះចូលរៀន គ្រប់ភូមិសិក្សា ទាំងរដ្ឋ និងផ្នែកឯកជន មានការកើនឡើង យ៉ាងឆាប់រហ័ស។
នៅឆ្នាំ២០១៦នេះ នៅរាជធានីភ្នំពេញ សាលាបឋមសិក្សា មានចំនួន ១៦៤ ទីតាំង អនុវិទ្យាល័យ មានចំនួន ៣២ ទីតាំង វិទ្យាល័យមានចំនួន៣៤ទីតាំង និងសាលាមត្តេយ្យសិក្សាមានចំនួន២៤ទីតាំង បានបើកទ្វារទទួលសិស្សឲ្យចូលរៀនសរុបចំនួនជាង៣០ម៉ឺននាក់។
លោកបានបន្តថា អគារសិក្សានេះ នឹងក្លាយជាធាតុចូល បន្ថែមដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស នៅកម្ពុជា ពិសេសចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាបព្រោះ ចំណេះដឹង និងបណ្តុះស្មារតី ក្មួយៗកុមារ កុមារី យុវជន យុវតី កម្ពុជាគ្រប់រូប ឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ សុចរិតធម៌ និងគុណធម៌ ព្រមទាំងសុទិដ្ឋិនិយម ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹនេះ ការបន្ថែមចំនួនថ្នាក់រៀន ក្នុងសាលានេះ គឺជាការចូលរួមចំណែក ផ្តល់ជូននូវកាលានុវត្តភាព សម្រាប់ក្មួយៗ សិស្សានុសិស្ស បានចូលសិក្សា និងទទួលសេវាអប់រំ កាន់តែកៀកជិតលំនៅដ្ឋាន ជាពិសេសងាយស្រួល ធ្វើដំណើរទៅមកសាលារៀនរបស់ខ្លួន ។

obrom1

obrom2

obrom4

obrom5

obrom3