ក្រុមប្រឹក្សាខេត្តកំពត ស្ទឹងត្រែង និងប៉ៃលិន បើកវគ្គសិក្សាអំពីអភិបាលកិច្ច ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន


នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តចំនួន៣ គឺខេត្តកំពត ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ខ្លួន អំពីមេរៀនចំនួនពីរគឺ៖ ១-គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២-ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងដោយមានការគាំទ្របច្ចេកទេស និងថវិកាពីសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី គោលនយោបាយ លិខិតគតិយុត្ត និងឆ្លុះបញ្ចាំងពីការអនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀនរួមមាន៖ តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការនិងវិមជ្ឈការនៅកម្ពុជា តួនាទីនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលនៅខេត្តកំពត រៀបចំឡើងក្រោមអធិបតីភាពលោក អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ ហើយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោក សុខ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក ហេង ស៊ឺ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនៅខេត្តស្ទឹងត្រែង រៀបចំឡើងក្រោមអធិបតីភាពលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ហើយសម្របសម្រួលដោយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោក ឯម ដេត សមាជិកក្រុមប្រឹក្សាត្បូងឃ្មុំ និងលោកស្រី សុខ ចន្ធូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនៅខេត្តប៉ៃលិន រៀបចំឡើងក្រោមអធិបតីភាពលោក ឡី ចន្ទឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ហើយសម្របសម្រួលដោយគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺលោក សួន សុធី សមាជិកក្រុមប្រឹក្សាបន្ទាយមានជ័យ និងលោក អេ សារុម សមាជិកក្រុមប្រឹក្សាបាត់ដំបង។