កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជាលើកទី​ ៩​ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ


នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៥កើត​ ខែអស្សុជ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែតុលា​ ឆ្នាំ២០១៨​ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អំណោយជាអង្ករចំនួន ១០៨តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន​ ស្មើនឹង​ ៣០០កញ្ចប់​។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំសួរសុខទុក្ខ និងការកោតសរសើរ ដល់អនុសាខាខណ្ឌទាំង១២ ដែលតែងតែចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយទៅដល់លំនៅឋាន។​ ជាមួយគ្នានេះ​ លោកស្រី​ អគ្គលេខាធិការ បានមានប្រសាសន៍ជម្រាបជូនពីសេចក្តីសម្រេចស្តីពី​ការរៀបចំនិងការប្រព្រឹត្តទៅរបស់កាកបាទក្រហមកម្ពុជា​ អាណត្តិទី​ ៦​ ពាក់ព័ន្ធនឹងគណៈអភិបាល​ និងក្រុមប្រតិបត្តិនៅតាមសាខា​ដែលត្រូវមានតួនាទី​ ភារកិច្ច​ ដើម្បីសម្រេចបាននូវសកម្មភាពជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន​ ដើម្បីឱ្យបានសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​។

ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១២ខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានដឹកនាំ​កាកបាទក្រហមកម្ពុជា​ ប្រកបដោយគតិបណ្ឌិត​ ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការតាមដាន​ និងដោះស្រាយបញ្ហាបានភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​។​ ចំពោះអំណោយដែលទីស្នាក់ការកណ្តាលបានផ្តល់ជូនទៅអនុសាខាខណ្ឌទាំង ១២ ក្នុងថ្ងៃនេះ​ អនុសាខានីមួយៗ នឹងយកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុត​នៅក្នុងសមត្ថកិច្ចដែនដីនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ​ ២០១៥​ រហូតមកដល់ពេលនេះ​ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់អនុសាខាទាំង ១២ខណ្ឌ បានចំនួន ៩ លើក​រួចមកហើយ ដែលមានអំណោយសរុប​ទាំងអស់ រួមមាន ៖
– អង្ករចំនួន​ ១,០៦២តោន​
-​ មី​ ១៣,២០០កេស​
-​ ត្រីខ​ ១,៣២០កេស​
-​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​)​ ១៣,២០០កញ្ចប់​
-​ មួកសុវត្ថិភាព​ ៦០០មួក
-​ ថវិកា​ ១២០លានរៀល៕