ឯកឧត្តម សុខ ឥសាន បានអះអាង ថា ប្រជាជនកម្ពុជានៅតែមាន សុទិដ្ឋិនិយមចំពោះសហគមន៍អឺរ៉ុប (EU)


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានអះអាង ថា ប្រជាជនកម្ពុជានៅតែមាន សុទិដ្ឋិនិយមចំពោះសហគមន៍អឺរ៉ុប (EU) ដូច្នេះគួរពិនិត្យឡើងវិញ លើករណីដកអនុគ្រោះពន្ធ លើកទំនិញគ្រប់ប្រភេទនៅកម្ពុជា លើកលែងតែគ្រឿងសព្វាវុធ (EBA) ធ្វើយ៉ាងណាដើម្បីជៀសវាង មានកំហុសជាលើកទី៣ ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរទៅតំណាង ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុបថា កម្ពុជាគ្មានបំណងតបតបង្កការ លំបាកដល់ក្រុមហ៊ុនអឺរ៉ុបទេ ទោះបីមានការគម្រាមដកពន្ធ គ្រប់ប្រភេទនៅកម្ពុជាក៏ដោយ ។

ឯកឧត្តម សុខ ឥសានបានថ្លែងថា បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ជាប្រទេសត្រូវបានកំណត់ ជាប្រទេសប្រជាធិបតេយ្យ ជាពិសេសចាប់តាំងក្រោយ សង្គ្រាមលោកលើកទី២មក ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បណ្តាប្រទេសទាំងនោះ ភាគច្រើនក៏ជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះដែរ ដែលបានសន្យាជួយស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។

ឯកឧត្តមថា កន្លងទៅមានប្រទេសមួយចំនួន ក្នុងសហគមន៍អឺរ៉ុបបានប្រព្រឹត្ត កំហុសធ្ងន់ធ្ងរចំនួន ២ដងមកហើយគឺ៖ ទី១-នៅឆ្នាំ១៩៧០ បានគាំទ្រការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាំឲ្យមានសង្គ្រាមនៅកម្ពុជា ។ ទី២- នៅឆ្នាំ១៩៨០ បានគាំទ្ររបបខ្មែរក្រហម ឲ្យនៅក្នុងអាសនៈ អង្គការសហប្រជាជាតិ ។ ចំណែកបច្ចុប្បន្នប្រទេសខ្លះ បានមានចេតនាមិនល្អចំពោះកម្ពុជា ចង់ដកប្រព័ន្ធអនុគ្រោះពន្ធនាំ ចូលទំនិញពីកម្ពុជាចូល សហគមន៍អឺរ៉ុបទៀត ដោយសារតែលំអៀង ខាងនយោបាយ និងមនោគមន៍វិជ្ជា ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ចំពោះបញ្ហានេះប្រជាជនកម្ពុជា នៅតែមានសុទិដ្ឋិនិ យមថាបណ្តាប្រទេសប្រជាធិបតេយ្យ ក្នុងសហគមន៍អឺរ៉ុប នឹងពិចារណាឲ្យបាន ដិតដល់ថែមទៀត មុននឹងសម្រេចដកប្រព័ន្ធ អនុគ្រោះពន្ធនេះ ដើម្បីជៀសវាងកុំឲ្យមាន កំហុសជាលើកទី៣ទៀត និងកុំឲ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលបាននិងកំពុងរីកចម្រើន ទៅមុខស្របតាមបំណង ប្រាថ្នារបស់ខ្លួន” ។

សូមបញ្ជាក់ថា ថ្មីៗនេះ EU បានប្រកាសថា នឹងបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខរបស់កម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA)។ ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប ៕