ឯកឧត្តម សុខ ឥសាន បានអះអាងថា កម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន


ភ្នំពេញ៖កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់ជំលោះនានា នៅកម្ពុជាដែលមាន អាយុកាល២៧ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៨នេះ ត្រូវបាន ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានអះអាងថា កម្ពុជា​បានអនុវត្តនូវកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន ខណៈអតីតគណបក្សប្រឆាំង តែងតែ បានលើក​ឡើងជារឿយៗថា កម្ពុជាមិនបានអនុវត្តនូវកិច្ចព្រមព្រៀងនេះ យ៉ាងពេញលេញ នៅឡើយទេ ។

មុនដល់ខួប២៧ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ខាងមុខ ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ​តេឡេក្រាមនៅព្រឹកថ្ងៃទី១៧ តុលា បានថ្លែងថា “ក្នុងរយៈពេលជាង២៧ឆ្នាំកន្លងទៅនេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជា ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ជាពិសេសបានឆ្លងកាត់ឧបសគ្គច្រើនដង ដែលប្រាស់ចាក​លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដែលត្រូវពុះពារទប់ស្កាត់ និងជំនះឲ្យខាងតែ បាន ដូចជា ករណីនៅឆ្នាំ១៩៩៧ និងឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ជាដើម” ។

ឯកឧត្តម បន្តថា សរុបមកទោះបី ឆ្លងកាត់ការលំបាកយ៉ាងណាក៏កិច្ចព្រមព្រៀង ប៉ារីសនេះនៅតែ​ត្រូវបានធានាមានសក្តានុពល និងមាននិរន្តរភាពអនុវត្តយូរអង្វែង តទៅអនាគត ។

អ្នកនាំពាក្យបានបង្ហាញពីប្រវត្តិខ្លះៗ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា ក្រោមការជួយសម្រប សម្រួល ពីប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី កិច្ចព្រមព្រៀងមួយស្តីពីកម្ពុជា ត្រូវបានចុះ​ហត្ថលេខានៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ នៅទីក្រុងប៉ារីសដែលមានបារាំង និងឥណ្ឌូនេស៊ីជា​សហប្រធាន និងមានប្រទេស១៦ទៀត ព្រមទាំងតំណាងអគ្គលេខាអង្គការ សហប្រជាតិជា​ហត្ថលេខី ព្រមទាំងភាគីខ្មែរក្នុងជម្លោះ​ក៏ចុះហត្ថលេខាដែរ ។

ឯកឧត្តម ថា ដើម្បីឲ្យបានសម្រេចការអនុវត្តកិច្ចព្រមព្រៀងត្រូវមានយន្តការមួយហៅថា អាជ្ញាធរ​បណ្តោះអាសន្នអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់និងមានក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់​កម្ពុជា (SNC) ជាតំណាងអធិបតេយ្យភាពកម្ពុជា ចាត់ចែងបណ្តាការងារសំដៅ​សម្រេចកិច្ច​ព្រមព្រៀង។

កិច្ចព្រមព្រៀងរួមមាន៖ ការដកកងទ័ពបរទេសទាំងអស់ ចេញពីកម្ពុជាដោយមានការត្រួត ពិនិត្យជាអន្តរជាតិ , ការធ្វើមាតុភូមិនិវត្តន៍ជនភៀស ខ្លួននៅក្រៅប្រទេសមកកម្ពុជាវិញ  ដោយមានការត្រួតពិនិត្យពីអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សការរើសអើង ជាតិសាសន៍ និងការសងសឹក ។

ក្នុងនោះឯកឧត្តម ថា ការរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដោយអ៊ុនតាក់ ដើម្បីបង្កើតសភាធម្មនុញ្ញ តាក់តែងរដ្ឋធម្មនុញ្ញមួយ សម្រាប់កម្ពុជារួចហើយនឹងក្លាយ ទៅជារដ្ឋសភាជាតិនីតិកាលទី១។ ធានាជាអន្តរជាតិនូវឯករាជ្យអធិបតេយ្យភាព និងភាពមិន អាចបំបែកបាននៃកម្ពុជា ។ ស្តារនិងកសាងកម្ពុជាឡើងវិញ ក្រោមការសន្យារបស់បណ្តា ប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀង។

ឯកឧត្តម បញ្ជាក់ថា ក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់ បង្កើតរាជរដ្ឋា ភិបាល កម្ពុជា នីតិកាលទី១រួចហើយ កម្លាំងអ៊ុនតាក់ទាំងអស់ ត្រូវដកចេញពីកម្ពុជា ៕