ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាន


ភ្នំពេញ៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ ដែលជាផ្លែផ្កាដ៏ថ្មីស្រឡាងមួយនៃកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិន លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Lancang-Mekong Vocational Education Training Center) និងរោងជាងកម្ពុជាលូនបាន ដោយមានវត្តមានចូលរួមពី ឯកឧត្តម Li Hongzhong សមាជិកការិយាល័យនយោបាយគណៈមជ្ឈឹមបក្សគណបក្សកុម្មុយនីសចិន រួមនិងឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងឯកឧត្តមអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ឯកឧត្តមជឿជាក់ថា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គនេះ និងរោងជាងកម្ពុជាលូនបាន នឹងដើរតួនាទីជាសសរស្តម្ភមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ទាំងមូល ស្របតាមពាក្យស្លោក សហគមន៍ដែលមានជោគវាសនារួម។

ឯកឧត្តមបានបញ្ជាក់ថា បើយើងសាកល្បងសម្លឹងមើលអំពីសាវតានៃការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌលនេះ គឺមានកិច្ចប្រឹងប្រែងនិងចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដែលធ្វើឱ្យគម្រោងអាចដាក់ឱ្យដំណើរការបានជាផ្លូវការនាពេលនេះ រួមទាំងការកសាង និងបំពាក់សម្ភារៈ បរិក្ខារ ក្នុងអាគារមជ្ឈមណ្ឌលដ៏ស្រស់ត្រកាលមួយនេះផងដែរ ។

លើកម្រិតនយោបាយ គម្រោងនេះបានផុសឡើងតាមរយៈការផ្គួបគ្នារវាងសេចក្តីផ្តើមគំនិត វិថីមួយខ្សែក្រវ៉ាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

កាលពីឆ្នាំ២០១៣ កន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងអំពីគំនិតជោគវាសនារួម និងអនាគតថ្មីសម្រាប់សហគមន៍អាស៊ីនៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ និងសន្និសិទថ្នាក់កំពូលជាច្រើន។

នៅក្នុងកិច្ចប្រជុំលើកទីមួយ ថ្នាក់ដឹកនាំប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៅខែមីនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីចិន លោក លី កេជាង បានលើកឡើងអំពីគំនិត នៃការកសាងមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសឡានឆាង-មេគង្គ។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ បានបើកផ្លូវឈានទៅកិច្ចសហប្រតិបត្តិការរវាងទីក្រុងធានជីង ដែលមានសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជាតំណាង និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលមានវិទ្យាស្ថានជាតិពហុ-បច្ចេកទេសកម្ពុជាជាតំណាង បន្តសិក្សាកិច្ចការលម្អិតលើគម្រោងសាងសង់ មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

បើយោងតាមរបាយការណ៍ របស់ឯកឧត្តមនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះត្រូវបានបំពាក់ដោយសម្ភារៈ បរិក្ខារ ទំនើបៗ ដែលមានតម្លៃប្រមាណ ២លានដុល្លាអាមេរិក សម្រាប់បណ្តុះបណ្តាលលើមុខជំនាញចំនួន ៣ (បី) រួមមាន:1) Mechanical Processing, 2) Electricity and 3) Telecommunication, ដែលជាអំណោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទីដ៏សំខាន់ក្នុង វិស័យអប់រំបណ្តុះបណ្តាល-បច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ទេរនូវបច្ចេកវិទ្យាទំនើបឈានមុខគេដល់យុវជនកម្ពុជា ដែលនឹងចូលរួមបង្កើននូវផលិតភាពការងារ និងសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជាផងដែរ។

តាមផែនការដែលបានគ្រោងទុកបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលគ្រោងនឹងជ្រើសរើសសិស្ស-និស្សិត ពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គមកសិក្សានៅទីនេះផងដែរ៕