ដំណើរកំសាន្តតាមរថភ្លើងរបស់អ្នកស្រុកកោះធំ ភ្នំពេញ-កំពង់ឆ្នាំង


ថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំប្រមាណ ៦០០នាក់ ជិះរថភ្លើងពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង។

ឆ្លៀតឱកាសថ្ងៃឈប់សម្រាកអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទព្រះនរោត្ដម សីហមុនី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំប្រជាពលរដ្ឋស្រុកកោះធំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើដំណើរតាមរថភ្លើង ដើម្បីអបអរសមិទ្ធផលថ្មី ស្វែងយល់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ភាពសម្បូរសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗ និងបានកំសាន្តសប្បាយនឹងសម្រស់ធម្មជាតិដ៏ត្រកាលនៅតាមដងផ្លូវនាចុងរដូវវស្សា ធ្លាក់ខ្យល់ពីទិសខាងជើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានអភិវឌ្ឍ។ ចំណែកឯ ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុងពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីផ្ដល់ជម្រើសក្នុងការធ្វើដំណើរ និងដឹកជញ្ជូន សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អៗ នឹងតភ្ជាប់គ្រប់ច្រកល្ហក ជាកត្តាទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន បង្កើនការនាំចេញនាំចូល បង្កើតការងារជូនប្រជាពលរដ្ឋ ពង្រឹងសក្ដានុពលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងឈានទៅរកការកាត់បន្ថយភាពក្រីក្រឱ្យនៅតិចបំផុត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ នឹងបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដងទាំងការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈតាមវិស័យនីមួយៗ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការគ្រប់រូបគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដូចនេះត្រូវបម្រើប្រជាពលរដ្ឋឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងឱ្យមានតម្លាភាព។

សូមបញ្ជាក់ផងដែរថា នេះគឹជាលើកទីបីហើយ ដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំជិះរថភ្លើងដើម្បីស្វែងយល់ និងបណ្ដុះស្មារតីភាពជាម្ចាស់ ស្រឡាញ់ ថែរក្សា និងការពារសមិទ្ធផលដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សទោះក្រោមតម្លៃណាក៏ដោយ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិបន្តទៅទៀត៕