សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អគារសាលាបឋមសិក្សាស្ពានថ្មនៅខណ្ឌដង្កោ តម្លៃរាប់ម៉ឺនដុល្លារ, ថ្ងៃនេះលោកបណ្ឌិត លី ឆេង បើកការដ្ឋានបុកគ្រឹះសាងសង់


អគារសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងឯកឧត្តម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

អភិបាលខណ្ឌដង្កោ បានលើកឡើងថា ដោយសាលាបឋមសិក្សាស្ពានថ្មស្ថិតនៅខាងមុខវត្តចំការខ្សាច់ មានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកនៅពេលទឹកជំនន់ស្ទឹងព្រែកត្នោត ជន់ឡើងខ្លាំង ដែលធ្វើឱ្យសិស្សានុសិស្សមិនអាចសិក្សារៀនសូត្របាន ទើបលោកបណ្ឌិត លី ឆេង និងលោកស្រី បានលើកគម្រោងចាក់ដីបំពេញរណ្តៅជម្រៅ ២,៥ម៉ែត្រ លើផ្ទៃដីទំហំ ៨,៦២៥ ម៉ែត្រការ៉េ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានាប្រមាណ១០ម៉ឺនដុល្លា សម្រាប់ការសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យ។ ដោយមើលឃើញពីការខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ លោកបណ្ឌិត លី ឆេង មកនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយដ៏ថ្លៃថ្លនូវអគារសិក្សាថ្មី១ខ្នង មានបណ្តោយ៤០,៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ ជូនដល់កូនចៅប្រជាពលរដ្ឋសង្កាត់ស្ពានថ្ម។

ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត លី ឆេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមកបានជួយរំលែកការលំបាក របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់នេះយ៉ាង ច្រើនដូចជា៖ សាងសង់សាលាធម្មសភា និងពុទ្ធិកបឋមសិក្សាកឋិនទាន បុណ្យផ្កាផ្សេងៗ ក្នុងវត្តចំការខ្សាច់ និងជួយសាងសង់កន្លែង ប្រជុំស្នាក់ការគណបក្សប្រជាជន ឧបត្ថម្ភថវិកាដល់ស្ត្រីកូនខ្ចី ប្រជាជនជួបការលំបាក អ្នកមានជំងឺ និងទទួលមរណភាពជាដើម។

លោកបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អគារសិក្សា ១ខ្នងនេះ ដើម្បីទុកជាសម្បត្តិ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សទៅថ្ងៃអនាគត។ អគារសិក្សាថ្មីនេះ ជាគុណូបការៈដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានដែល សម្តេចតេជោ តែងតែយកចិត្តទុកដាក់ជួយដល់សិស្ស និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមតំបន់នានាទូទាំងប្រទេស ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ថា៖ បន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ទឹក ភ្លើង និងថ្នល់ ដែលជាកត្តាដ៏សំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនក្រុមជាង និងសម្ភារមកសាងសង់អគាសិក្សាថ្មីនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យក្នុងសង្កាត់ស្ពានថ្មនាពេលនេះ ត្រូវបានដំណើរការសាងសង់ភ្លាមៗបន្ទាប់ពី ឧបដ្ឋានសាលា និងសាលាពុទ្ធិក បឋមសិក្សាវត្តចំការខ្សាច់ ដែលបានចំណាយថវិកាសាងសង់អស់ ៣៦៩,៥០០ដុល្លា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕