ក្រោមការយកចិត្តទុកដាក់បំផុតពីនាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដចែកប័ណ្ណបេឡាជាតិសន្ដិសុខសង្គម ជូនអតីតយុទ្ធជនជាង២,៥០០នាក់ នៅខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ ​​​ទេសរដ្ឋមន្រ្តី​ គន់​ គីម​ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និងចែកប័ណ្ណ​ បេឡាជាតិសន្តិសុខសង្គម​ ជូន​​សមាជិក​​អតីត​យុទ្ធជន​ខេត្តពោធិ៍សាត់ ចំនួន​​២,៥១១នាក់។

បន្ទាប់​ពី​បាន​នាំការ​ផ្តាំផ្ញើនូវការសួរសុខទុក្ខ​ពី​សម្តេចតេជោ​ ហ៊ុន សែន ​ជូនដល់​សមាជិកអតីតយុទ្ធជនរួចម​ក​ ទេសរដ្ឋមន្ដ្រី គន់ គីម ​បានបញ្ជាក់​ថា​ ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺក្នុងគោលបំណងមកថ្លែងអំណរគុណ​ដែលសមាជិកទាំងអស់ ដែលបា​នបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ រហូតដល់ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី​។

បន្ថែមពីនេះ ក៏បានយកប័ណ្ណ​បេឡាសន្តិសុខសង្គម​ របស់ម្តេចតេជោ​ ហ៊ុន សែន មកជូនសមាជិក​សម្រាប់​ព្យាបាល​ជំងឺ​ដោយឥតគិតថ្លៃ​នៅតាមមន្ទីរពេទ្យនេះ គឺ​ជាការអនុវត្តគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយគាំពារសន្តិសុខសង្គមជាច្រើនទៀត ដែលរាជរដ្ឋាភិបាល​​ដឹកនាំដោយ​ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ​ដើម្បីជួយសម្រួលដល់ការលំបាក​។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រីអគ្គលេខាធិការ បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ត្រូវចុះទៅបញ្ជាក់សមាជិកណាដែល អត់ដី អត់ផ្ទ ហើយ​បើពួកគាត់ព្រមទៅនៅ​ឃុំលាច​ ស្រុកភ្នំក្រវាញ​ សម្តេច និងផ្តល់ផ្ទះជូន​។

ទេសរដ្ឋមន្ដ្រី ដែលកំពុងសកម្មលើការងារសមាគមអតីតយុទ្ធជនរូបនេះ ក៏បានណែនាំសមាជិកថា មានតែ​សម្តេចតេជោ​ ហ៊ុន សែន ទេដែលតែងតែគិតគូរ ដូចច្នេះ​ត្រូវជឿជាក់​ និងគោរពអនុវត្តតាមការដឹកនាំរបស់សម្តេច ដើម្បីកម្ពុជាទទួលបានការភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្តទៀត៕