កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែមលើវិស័យកសិកម្មនៅកម្ពុជា


(ភ្នំពេញ)៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense )នៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្រោមកិច្ចសហប្រតិបត្តិការរយៈពេល០៥ឆ្នាំ ផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្ម។

មុនចាប់ផ្តើមចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តមរដ្ឋមន្ត្រីបាន សម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាការចែករំលែកមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលចិនពិតជាមានការអភិវឌ្ឍខ្ពស់ចំពោះវិស័យកសិកម្មនេះ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា វាជាការរួមចំណែកកាន់តែជ្រាលជ្រៅ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន កាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំយើងទាំងពីរចាត់ទុកថាជាយុទ្ធសាស្ត្រដែកថែប។គម្រោងមួយនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តួចរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ដែលកម្ពុជាជាដៃគូមួយនៅក្នុងយុទ្ធសាស្ត្រមួយនេះ កន្លងមកមិនត្រឹមតែសហប្រតិ្តបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ ទេសចរ ឥលូវឈានចូលការអភិវឌ្ឍវិស័យធនធានមនុស្សថែមទៀត។

នៅក្រោយចប់ពិធីចុះហត្ថលេខា ឯកឧត្តម ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា មូលហេតុភាគីចិនចុះហត្ថលេខាជាមួយក្រសួងការងារ ដោយសារក្រសួងមានសាលាជាច្រើនលើការបណ្តុះបណ្តាលធនធានមនុស្ស គ្របដណ្តប់នៅទូទាំងប្រទេស។ ហើយគោលដៅនៃពិធីនាពេលនេះ គឺចង់បង្កើនសមត្ថភាពក្នុងការកែច្នែផលិតផលកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពទាំងនៅប្រទេសចិន និងកម្ពុជា ពិសេសទៅលើប្រជាកសិករខ្មែរឲ្យគាត់ចេះខាងច្នៃផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូលធ្វើយ៉ាងណាឲ្យការប្រមូលផលឲ្យត្រូវនឹងនិន្នាការពេលបច្ចុប្បន្ននិងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើប្រាស់ពូជជាដើម។

ជាមួយគ្នានេះ លោកអនុប្រធានអង្គការ CATAS បានរៀបរាប់ថា CATASគឺជាវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិចនៃប្រទេសចិន ឈរលើលំដាប់ថ្នាក់ធំជាងគេនៅចិន ដែលទទួលការសិក្សាស្រាវជ្រាវលើ វិស័យកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗដែលទាក់ទងផ្នែកកសិកម្មដោយមានវិទ្យាស្ថាន ក្រោមអង្គការ ចំនួន១៣វិទ្យាស្ថានលើជំនាញខុសៗគ្នា។

សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន រួមមាន៖ការផ្លាស់ប្តូរសម្ភារៈសិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌មានពាក់ព័ន្ធ, កម្មវិធីផ្លាស់ប្តូរគ្រូ និងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ, វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោយអង្គការCATAS៕