អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន៤គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង


នាព្រឹកអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន៤គ្រួសារ ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៤គ្រួសារ មានដូចជា អង្ករ១៤បាវ តង់ចំនួន៨ កន្ទេលចំនួន៤ ឃីតចំនួន៤ ទឹកត្រីចំនួន៤យួរ ទឹកស៊ីអ៊ីវចំនួន៨យួរ ត្រីខចំនួន៨យួរ មីចំនួន៨កេស និងថវិកាចំនួន ៣.១០០.០០០រៀល។