អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត គឺជាការងារបច្ចេកទេសសុទ្ធសាធ ធ្វើឡើងជាដៃគូរដ្ឋាភិបាល


(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា របស់លោក ផៃ ស៊ីផាន បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ដោយអះអាងថា ដំណើរទស្សនកិច្ចរបស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺជាការងារបច្ចេកទេសសុទ្ធសាធ ដែលធ្វើឡើងក្នុងនាមជាដៃគូរាជរដ្ឋាភិបាល។

ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មានជាច្រើន បានចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកស្រី រ៉ូណា ស្មីត មកកាន់ប្រទេសកម្ពុជាជាថ្មីទៀត រយៈពេល១១ថ្ងៃ។

សេចក្តីថ្លែងការណ៍របស់ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជាមន្រ្តីរបស់អង្គការសហប្រជាជាតិ ស្ថិតនៅក្នុងការងារបច្ចេកទេសសុទ្ធសាធ ដែលមានកាតព្វកិច្ច និងសមត្ថកិច្ច ជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចជំរុញវិស័យនេះ ឱ្យទទួលបានផ្លែផ្កាវិជ្ជមាន ដោយគ្មានប្រទូសរ៉ាយ ជាមួយអធិបតេយ្យកម្ពុជា ក្រៅពីការងារប្រកបដោយកិត្តិយសចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ក៏ដូចជាផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមក្នុងកិច្ចបន្តការរស់នៅក្នុងភាពក្សេមក្សាន្ត សន្តិភាព ស្ថិរភាព និងវិបុលភាព ដោយគ្មានការរំលោភក្នុងរូបភាពណាមួយ នៃសេចក្តីថ្លែថ្នូរបស់ជាតិខ្មែរ»។

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះគ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចនេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕